កីឡាករសៀមរាប គង់ ស្រស់ និយាយពីការចូលរួមក្លិបអាជីពលើកដំបូង
15 Sep 2020 10:00 1445

ក្រោយរួមចំណែកជួយក្រុមជម្រើសខេត្តសៀមរាប ទទួលបានចំណាត់ថ្នាក់លេខ៤ ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ខ្សែបម្រើ គង់ ស្រស់ ត្រូវបានសូលទីឡូអង្គរជ្រើសរើសចូលរួមក្លិបសម្រាប់ការប្រកួតបាល់ទាត់ក្របខណ្ឌ Metfone Cambodian League ២០២០ ជុំទីពីរ។ 

ទោះបីនេះជាលើកទីមួយក្នុងការឈានជើងចូលក្លិបអាជីព កីឡាករវ័យក្មេងខាងលើអះអាងថា មិនសូវខុសគ្នាពីការលេងនៅក្រុមស្ម័គ្រចិត្ត ឬក្រុមពាក់កណ្ដាលអាជីពប៉ុន្មានទេ ព្រោះគេក៏មានមិត្តភក្ដិមួយចំនួនកំពុងលេងនៅសូលទីឡូដែរ។

គង់ ស្រស់ លើកឡើងពីការចូលរួមក្លិបអាជីពបែបនេះ “៖ខុសគ្នាតិចតួច ព្រោះអីក្នុងក្លិបហ្នឹងមានកីឡាករមួយចំនួនធ្លាប់លេងជាមួយខ្ញុំនៅក្លិបពាក់កណ្ដាលអាជីពជាមួយគ្នាដែរ។ មានអារម្មណ៍ថា ការលេងនៅហ្នឹងដូចតែនៅក្លិបពីមុនខ្ញុំដែរ ប្លែកតែមានកីឡាករបរទេសទេ។ តាមពិតទៅ ខ្ញុំមកទីនេះ មិនទាន់ជាផ្លូវការនៅឡើយទេ គ្រាន់តែហ្វឹកហាត់ និងបង្គ្រប់កីឡាករនៅជើងទីពីរនេះសិន។”

ខ្សែបម្រើដដែលប្ដេជ្ញាប្រឹងប្រែងហ្វឹកហាត់ឲ្យកាន់តែខ្លាំងទ្វេដងដើម្បីមានឱកាសទទួលបានកិច្ចសន្យាផ្លូវការនៅរដូវកាលក្រោយ។

គង់ ស្រស់ បានចូលហ្វឹកហាត់បាល់ទាត់រយៈពេល៦ឆ្នាំហើយ និងជាប់ជម្រើសខេត្តសៀមរាបរយៈពេល៤ឆ្នាំចុងក្រោយនេះ៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania