គ្រូព្រះខ័នរាជយកពេលសល់ពី AFC Cup ផ្ដោតលើការប្រកួតក្នុងស្រុក
16 Sep 2020 09:31 749

លោក Conor Nestor គ្រូបង្គោលក្លិបព្រះខ័នរាជស្វាយរៀងបានចាត់ទុកការលុបកម្មវិធីប្រកួតពានរង្វាន់ AFC Cup 2020 ជារឿងវិជ្ជមានមួយដែរ ព្រោះអាចយកពេលវេលានៅសល់ផ្ដោតលើការប្រកួតថ្នាក់ជាតិដែលមានទាំង Metfone Cambodian League និងពានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

សហព័ន្ធកីឡាបាល់ទាត់អាស៊ីកាលពីសប្ដាហ៍មុនបានប្រជុំសម្រេចពីផែនការប្រកួតនានាដែលក្នុងនោះគណៈកម្មការប្រតិបត្តិបានមូលមតិលុបចោលតែម្ដងនូវការប្រកួតពានរង្វាន់ AFC Cup រដូវកាល២០២០ ខណៈកម្មវិធីផ្សេងៗមួយចំនួនទៀតត្រូវលើកពេល។ លោក Conor ថា ជារឿងដ៏គួរឲ្យស្ដាយមួយដែរ តែក៏ល្អម្យ៉ាងសម្រាប់ក្រុមលោក។

គ្រូបង្វឹកជនជាតិអៀរឡង់ពន្យល់បែបនេះ “៖ពិតជាគួរឲ្យស្តាយមែនទែនដែលយើងមិនបានតំណាងកម្ពុជាសម្រាប់ ៣ប្រកួតទៀត។ តែការសម្រេចចិត្តពិតជាសមហេតុផល។ យើងមានពេលផ្ដោតលើការប្រកួតក្នុងស្រុករបស់យើង និនិងព្យាយាមយកឱកាសតំណាងកម្ពុជានៅឆ្នាំក្រោយទៀត។”

គួរដឹងដែរថា ការប្រកួត AFC Cup 2020 បានខកខានតាំងពីខែមីនា ដោយសារការរីករាលដាលកូវីដ១៩។ គម្រោងបន្ទាប់មក គេបានបែងចែកជាតំបន់ផ្សេងគ្នា និងឲ្យក្លិបបញ្ចប់ការប្រកួតនៅសល់ប្រកួតលើទឹកដីកណ្ដាលតែម្ដង។ 

ជាក់ស្ដែងក្នុងសេចក្ដីប្រកាសកាលខែកក្កដា កន្លងទៅ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងត្រូវបញ្ចប់ការប្រកួតសេសសល់របស់ខ្លួនក្នុងពូល G នាកីឡដ្ឋាន Cam Pha ខេត្ត Quang Ninh ប្រទេសវៀតណាម។ ផ្ទុយទៅវិញ ក្នុងកិច្ចប្រជុំនៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា នេះ ថ្នាក់ដឹកនាំបានសម្រេចលុបចោលជាស្ថាពរ៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania