ស៊ុក វឌ្ឍនា ដាក់ចិត្តមិនរាថយក្នុងអាជីព ប្រាថ្នាជាប់ជម្រើសជាតិបំពេញបំណងសពឪពុក

21 Sep 2020 13:27

1026

Share :


ខ្សែការពារសូលទីឡូអង្គរ ស៊ុក វឌ្ឍនា បង្ហើបប្រាប់ CNCC ទាំងអារម្មណ៍ក្ដុកក្ដួលថា ក្រោយពីបានឱកាសលេងនៅក្លិបលីគកំពូល រូបគេនៅមានក្ដីប្រាថ្នាដ៏ធំមួយទៀតក្នុងអាជីពបាល់ទាត់ គឺការជាប់ជម្រើសជាតិ ដើម្បីបំពេញបំណងឪពុករបស់ខ្លួន ដែលបានលាចាកលោកទៅ។

«ប៉ាខ្ញុំជាមនុស្សម្នាក់ ដែលជំរុញលើកទឹកចិត្តខ្ញុំខ្លាំងជាងគេក្នុងគ្រួសារ។ កាលប៉ានៅ គាត់តែងតែដាស់តឿនឱ្យខ្ញុំខំហ្វឹកហាត់ ឱ្យតស៊ូអត់ធ្មត់ ហើយសំខាន់ជាងគេ គាត់ប្រាប់ខ្ញុំថា គាត់ចង់ឃើញខ្ញុំពាក់អាវជម្រើសជាតិ ប៉ុន្តែខ្ញុំធ្វើអត់ទាន់បានទេ ហើយប៉ាបានចាកចេញទៅបាត់ហើយ»។

ទាំងនេះហើយ ធ្វើឱ្យអតីតយុវជនទ័ពខាងលើ មានឆន្ទៈកាន់តែមោះមុតក្នុងការពង្រឹងសមត្ថភាពឱ្យកាន់តែប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីបំពេញបំណងអ្នកមានគុណរបស់គេ បើទោះជាពេលនេះឪពុករបស់ វឌ្ឍនា បានលាចាកលោកទៅហើយក្ដី។

ស៊ុក វឌ្ឍនា កីឡាករមានវ័យ ២១ឆ្នាំ មានប្រភពពីស្រុកឧត្ដុង្គ ខេត្តកំពង់ស្ពឺ បានចូលរួមជាមួយក្រុមថ្នាលរបស់សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ មុនទៅសាកល្បងសមត្ថភាពបានជោគជ័យនៅទឹកដីអង្គរ ជាមួយក្លិបបាល់ទាត់សូលទីឡូ កាលពីឆ្នាំ ២០១៩កន្លង៕

អត្ថបទ៖ CNCC

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania