អ៊ាន ពិសី និយាយអ្វីខ្លះ ក្រោយរកបានគ្រាប់ដំបូងនៅ MCL រដូវកាលនេះ?
28 Sep 2020 12:40 474

មួយគ្រាប់ពីចម្ងាយបញ្ចូលទីយ៉ាងអស្ចារ្យ ពីក្រៅប្រអប់គ្រោះថ្នាក់នៅនាទី ៥៩ ដែលជាគ្រាប់បាល់បង្កើតជ័យជម្នះលើកដំបូងឱ្យសាលាបាល់ទាត់ជាតិបាទី ក៏ជាគ្រាប់បាល់ដំបូងរបស់ អ៊ាន ពិសី សម្រាប់ពានរង្វាន់ Metfone Cambodian League 2020 នេះផងដែរ។

«ខ្ញុំសប្បាយចិត្តចំពោះការទាត់បញ្ចូលទីលើកដំបូងក្នុងឆ្នាំនេះ។ ខ្ញុំសម្រេចចិត្តទាត់ដោយសារ បានទាញផុតខ្សែការពាររួចហើយ ហើយមើលឃើញជំហរអ្នកចាំទីផង ខ្ញុំក៏ទាត់តែម្ដង ព្រោះក្នុងចិត្តរំពឹង ៦០ភាគរយដែរ។ គ្រាប់បាល់នេះនឹងធ្វើឱ្យខ្ញុំមានទឹកចិត្តកាន់តែខ្លាំងថែមទៀត ក្នុងការរកគ្រាប់បាល់បន្ថែម សម្រាប់ប្រកួតនៅសល់ក្នុងជុំទី ២ នេះ»។

ទន្ទឹមនឹងភាពរីករាយ ពិសី ក៏បានបង្ហាញក្ដីបារម្ភស្របគ្នានេះដែរ ព្រោះបើធៀបរដូវកាលមុន គេមានឱកាសប៉ុនប៉ងបញ្ចប់ទីបានច្រើនជាង ហើយរកបានគ្រាប់ទី ១ តាំងពីសប្ដាហ៍ទី ៧ មកម្ល៉េះ។ គេរៀបរាប់ថា កត្តាចាញ់ប្រៀបកាយសម្បទា និងបម្លាស់ប្ដូរទីតាំងលេង ជាកត្តាសំខាន់ធ្វើឱ្យពិបាកបំប៉ោងសំណាញ់ទី។

គួរជម្រាបដែរថា នារដូវកាល ២០១៩កន្លងទៅ យុវជនមានប្រភពពីខេត្តតាកែវ អ៊ាន ពិសី បំប៉ោងសំណាញ់ទីបាន ២គ្រាប់។ គេធ្លាប់បង្ហាញមុខក្នុងក្រុមជម្រើសជាតិយុវជនជាច្រើនដង និងបានបង្កើតប្រវត្តិសាស្ត្រល្អៗមួយចំនួនផងដែរ។ ពិសី នឹងត្រូវចាកចេញពីសាលាបាល់ទាត់ជាតិ នៅដំណាច់រដូវកាលក្រោយ៕

អត្ថបទ៖ CNCC

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania