លោក មាស ចាន់ណា ជុំវិញលទ្ធផលស្មើញឹកញាប់
29 Sep 2020 09:17 1088

គិតត្រឹមសប្ដាហ៍ទី១៥នៃក្របខណ្ឌ Metfone Cambodian League រដូវកាល២០២០ ណាហ្គាវើលដ៍ជាក្លិបដែលទទួលបានលទ្ធផលស្មើច្រើនជាងគេ ដោយមានដល់៧លើក ហើយជាពិសេសឧស្សាហ៍របូតនៅចុងម៉ោង ក្រោយនាំមុខលើគូប្រជែង។

លោក មាស ចាន់ណា គ្រូបង្គោលណាហ្គា អះអាងថា មានការខកចិត្តចំពោះលទ្ធផលកន្លងមក តែមិនដែលទោមនស្សលើការលេងរបស់កូនក្រុមទេ ព្រោះគិតថា ពួកគេធ្វើបានល្អហើយ។ លោកថា លទ្ធផលស្មើច្រើន និងរបូតចុងម៉ោងញឹកញយនេះអាចមកពីកង្វះសំណាង។

គ្រូបង្វឹកកាន់ A-License ថ្លែងបែបនេះ “៖មានតែការខកចិត្តទេដែលស្មើចុងម៉ោង។ នាំមុខគេរហូត តែបែរជាគេទាត់ចូលចុងម៉ោងញឹកញយ។ ទីពីរអាចមកពីកង្វះសំណាងដែរ ព្រោះយើងលេងល្អហើយ រៀបចំល្អហើយ តែដូចរាងស៊យ។ បាល់ទាត់ទាក់ទងសំណាងដែរ។ ឆ្នាំនេះដូចខ្វះសំណាងដល់ហើយ ជាពិសេសចុងម៉ោងហ្នឹង។ យ៉ាងច្រើនពីរប្រកួតអីទេរបូតចុងម៉ោងហ្នឹង តែនេះ៤-៥ប្រកួតទៅហើយ។ ខ្ញុំអត់ទោមនស្សចំពោះកូនក្រុមទេ ព្រោះពួកគាត់ធ្វើតាមខ្ញុំបាន ជាពិសេសកីឡាករបរទេសដែលទើបមកឆ្នាំហ្នឹងមែន តែយល់ពីខ្ញុំលឿន។ និយាយទៅអត់មានសំណាងតែម្ដង។”

គិតចំណាត់ថ្នាក់ក្នុងចំណោមក្រុមកំពូលទាំង៦ (Top 6) ណាហ្គាវើលដ៍ ឈរនៅលេខ៥ មាន២៥ពិន្ទុ ពីក្រោមកំពូលតារាងបឹងកេត១២ពិន្ទុ ខណៈការប្រកួតនៅសល់ពីរលើកទៀត។ ណាហ្គាវើលដ៍ត្រូវជួបភ្នំពេញក្រោន នៅ Smart RSN ថ្ងៃសៅរ៍ ទី០៣ ខែតុលា និងបិទរដូវកាលជាមួយម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង នៅថ្ងៃសៅរ៍ ទី២៥ ខែតុលា៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania