រី លាភផេង បង្ហើបថាមានក្លិបធំៗទាក់ទង តែពុំទាន់សម្រេចចិត្ត ព្រោះចង់ផ្ដោតលើ MCL ឱ្យចប់
29 Sep 2020 11:41 2121

ខ្សែការពារស្ដាំនៃក្រុមបាល់ទាត់សាលាបាល់ទាត់ជាតិបាទី អាយុក្រោម ១៨ឆ្នាំ រី លាភផេង បង្ហើបឱ្យដឹងថា ក្រោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប្រកាសពីការចាកចេញរបស់គេ និងមិត្តរួមក្រុម ៧នាក់ផ្សេងទៀត មានក្លិបធំៗមួយចំនួនបានទាក់ទងចង់បាន តែគេអះអាងថា ពុំទាន់សម្រេចចិត្តនៅឡើយ ដ្បិតចង់ផ្ដោតជួយក្រុម ឱ្យចប់រដូវកាលសិន។

«តាមរយៈសហព័ន្ធមានក្លិប ២-៣ គេទាក់ទងមកចង់បានខ្ញុំទៅចូលរួម។ សម្រាប់ពេលនេះ ខ្ញុំស្ថិតក្នុងដំណាក់កាលពិចារណានៅឡើយ ហើយក៏ពុំទាន់ផ្ដល់ភាគរយទៅក្លិបណាខ្ពស់ជាងក្លិបណាដែរ។ ម្យ៉ាងទៀត ខ្ញុំមិនអាចបង្ហាញឈ្មោះក្លិបបានទេ។ បច្ចុប្បន្ន ខ្ញុំនៅតែផ្ដោតលើការលេងឱ្យបាទី ព្រោះចង់បង្កើតលទ្ធផល និងអនុស្សាវរីយ៍ល្អឱ្យច្រើន មុនចប់រដូវកាលនេះ»។

យុវជនមានប្រភពពីខេត្តបន្ទាយមានជ័យខាងលើបន្ថែមថា វាជាពេលវេលាដ៏លំបាកមួយរបស់គេ ដែលត្រូវចាកចេញពីទីធ្លាប់រស់នៅ និងក្រុមទាំងមូល។ បែបណាក្ដី លាភផេង ក៏មានក្ដីសោមនស្សផងដែរ សម្រាប់ទំព័រថ្មីនៃជីវិតជាកីឡាករបាល់ទាត់អាជីពរបស់ខ្លួន ពិសេសមានក្លិបជាច្រើនចង់បានគេទៅចូលរួម។

ខ្សែការពារស្ដាំកម្ពស់ ១.៦២ម៉ែត្ររូបនេះ ធ្លាប់បង្ហាញខ្លួនជាច្រើនលើក ឱ្យក្រុមជម្រើសជាតិយុវជនអាយុក្រោម១៥ ១៦ ១៨ និង ១៩ឆ្នាំ។ លាភផេង នឹងត្រូវចាកចេញពីបាទីដំណាលមិត្តរួមក្រុម ៨រូបផ្សេងទៀតរួមមាន តាំង ប៊ុនឆៃ, អ៊ឹម វីនុន, ជូ ស៊ីនទី, ស្រួច ជីវ័ណ្ណ, ភេម តៅស៊ិញ, សេង សម្បត្តិ និង កយ សាលីម៕

អត្ថបទ៖ CNCC

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania