រ័ត្ន សំណាង “៖ទោះធ្វើមិនសូវបានល្អ សមាជិកទាំងអស់មិនត្រូវបាក់ទឹកចិត្តទេ”
30 Sep 2020 12:21 336

ក្នុងការប្រកួតក្របខណ្ឌ Metfone Cambodian League រដូវកាល២០២០នេះ សូលទីឡូអង្គរទទួលបានលទ្ធផលមិនសូវគាប់ចិត្តឡើយ ហើយកីឡាករទៀតសោតក៏មានក្មេងៗច្រើន។ យ៉ាងណា ខ្សែបម្រើ រ័ត្ន សំណាង ដែលលេងឲ្យសូលទីឡូអង្គរតាំងពីនៅក្របខណ្ឌទីពីរ បានលើកទឹកចិត្តមិត្តរួមក្រុម ជាពិសេសយុវជនបន្តប្រឹងប្រែងទៅមុខទៀត។

កីឡាករមានកំណើតនៅខេត្តសៀមរាបថ្លែងបែបនេះ “៖ឆ្នាំនេះមិនដូចឆ្នាំមុន ព្រោះយើងមានក្មេងៗច្រើន។ ពេលខ្លះធ្វើបានល្អ និងពេលខ្លះធ្វើមិនសូវបានល្អ។ ខ្ញុំតែងតែព្យាយាមលើកទឹកចិត្តកីឡាករក្មេងៗ ស្រែកប្រាប់គ្នា ធ្វើម៉េចកុំឲ្យបាក់ទឹកចិត្ត យើងត្រូវប្រឹងប្រែងបន្តទៀត។ សង្ឃឹមថា រដូវកាលក្រោយនឹងអាចបានចំណាត់ថ្នាក់ប្រសើរជាងនេះ។”

សំណាង បន្តថា ទាំងកីឡាករចាស់ និងថ្មីបានយល់ចិត្តគ្នាច្រើនហើយ ដោយនៅខ្វះខាតលើចំណុចមួយចំនួនទៀតប៉ុណ្ណោះ។ 

រ័ត្ន សំណាង បន្ថែម “៖ការលេងយល់ចិត្តគ្នាបានល្អ នៅខ្វះចំណុចតិចតួច។ ការយល់ចិត្តគ្នាបានខ្ទង់៩០ភាគរយអីហើយ ព្រោះភាគច្រើនក្មេងៗដូចគ្នា ហើយសង្ឃឹមថា យើងនឹងអាចធ្វើបានល្អនៅរដូវកាលក្រោយ។”

សូលទីឡូអង្គរស្ថិតនៅចំណាត់ថ្នាក់លេខ១០ ដោយមាន១១ពិន្ទុ។ ការប្រកួត Metfone Cambodian League ក្នុងចំណោម៧ក្រុមចុងក្រោយ (Last 7) ចំនួន៣លើក សូលទីឡូអង្គរ ឈ្នះអគ្គិសនីកម្ពុជា, ស្មើយុវជនបាទីអាយុក្រោម១៨ឆ្នាំ និងចាញ់គិរីវង់សុខសែនជ័យ៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania