សាយ ពិសិដ្ឋ “៖បាទីធ្វើបានល្អពីរប្រកួតចុងក្រោយ តែមិនបង្កសម្ពាធខ្លាំងដល់យើងទេ”
30 Sep 2020 17:22 470

ប្រធានក្រុមនគរបាលជាតិ សាយ ពិសិដ្ឋ អះអាងថា មិនមានអារម្មណ៍សម្ពាធអ្វីខ្លាំងទេពីការលេងរបស់យុវជនបាទីទេ ទោះពួកគេអាចយកបានពិន្ទុល្អគួរសមនៅពីរប្រកួតចុងក្រោយនៃក្របខណ្ឌ Metfone Cambodian League ដែលស្មើសូលទីឡូអង្គរ និងឈ្នះអាស៊ីអឺរ៉ុបយូណាយធីត។ 

ខ្សែការពារកណ្ដាលខាងលើសង្កត់ធ្ងន់ថា ក្រុមរបស់គេសម្បូរកីឡាករមានបទពិសោធ និងមានបរទេសថែមទៀត ដូច្នេះគេនៅតែមានសង្ឃឹមក្នុងការប្រជែងយក៣ពិន្ទុក្នុងការប្រកួតលីគកំពូលតទល់យុវជនបាទី នៅថ្ងៃសៅរ៍ ទី០៣ ខែតុលា សប្ដាហ៍នេះ។

សាយ ពិសិដ្ឋ ពន្យល់ “៖ ធម្មតា អត់សូវមានសម្ពាធ ព្រោះថា យើងនៅតែមានសង្ឃឹម យើងមានកីឡាករមានបទពិសោធច្រើន ហើយមានបរទេសជួយ អ៊ីចឹងពួកយើងមានអារម្មណ៍ធម្មតា និងរក្សាជំហរ ប្រឹងប្រែង១០០ភាគរយយកជ័យជម្នះ។ កាលជើងទីមួយ យើងមានឱកាសច្រើន តែខ្វះសំណាង ហើយភ្លាត់ចុងម៉ោងឲ្យគេតាមស្មើទៀត។ នៅជើងទីពីរនេះ យើងត្រូវប្រឹងប្រែងដើម្បីយក៣ពិន្ទុឲ្យបាន។”

ដោយឡែក អតីតសមាជិកជម្រើសជាតិកម្ពុជាដដែលក៏ទទួលស្គាល់ពីការរីកចម្រើនរបស់យុវជនបាទីអាយុក្រោម១៨ឆ្នាំដែលលេងកាន់តែយល់ចិត្តគ្នាជាងមុន។ យ៉ាងណា ក្រុមរបស់គេក៏បានដឹងពីចំណុចខ្វះខាតនៅក្រុមគូប្រជែងវ័យក្មេងនេះដែរ។

គួរដឹងដែរថា នៅសប្ដាហ៍នេះការប្រកួតក្របខណ្ឌ Metfone Cambodian League មានតែ៣គូប៉ុណ្ណោះ ពោលក្រៅពីបាទីប៉ះនគរបាលជាតិ  គឺគិរីវង់សុខសែនជ័យត្រូវទទួលអគ្គិសនីកម្ពុជា នៅថ្ងៃសៅរ៍ ទី០៣ តុលា និងអង្គរថាយហ្គឺរជួបជាមួយអាស៊ីអឺរ៉ុបយូណាយធីត នៅថ្ងៃអាទិត្យ ទី០៤ ខែតុលា៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania