កំណត់ត្រាត្រូវចងចាំនៅ Metfone Cambodian League រដូវកាលនេះត្រឹមសប្ដាហ៍ទី១៦
02 Oct 2020 16:56 956

Metfone Cambodian League 2020 ដំណើរការមកដល់សប្ដាហ៍ទី១៦ហើយ ប៉ុន្តែសប្ដាហ៍ទី ១៧ ក្រុមកំពូលទាំង ៦ ត្រូវសម្រាកសិនដោយសារត្រៀមលេងពានសម្ដេចតេជោនៅពាក់កណ្ដាលសប្ដាហ៍ក្រោយ។ ចំណែក ក្រុមប្រកួតប្រជែងពីលេខ៧ចុះក្រោមនៅលេងជាធម្មតានៅសប្ដាហ៍នេះ។ 

បន្ទាប់ពីការប្រកួតយ៉ាងស្វិតស្វាញតាំងពីខែកុម្ភៈមក និង សម្រាកប្រមាណជា ៤ ខែដោយសារជំងឺកូវីដ-១៩ មុនបន្តនៅដើមខែ កក្កដា ក្រុមនៅ Top 6 បានបង្កើតកំណត់ត្រាជាច្រើនដោយឡែកៗពីគ្នាមានទាំងល្អ និង អាក្រក់។ 

១- ក្រុមកំពូលតារាងបឹងកេត មិនទាន់ចាញ់ទាល់តែសោះក្នុងរដូវកាលនេះពោល ឈ្នះ ១១ ដងនិង ស្មើ ៤ ដង។ អ្វីគួរឲ្យចាប់អារម្មណ៍មួយទៀត លោក គ្រូ គីម ភក្កី ដែលចូលកាន់តំណែងបណ្ដោះអាសន្ននាសប្ដាហ៍ទី ៥ នោះដឹកនាំក្រុមមិនទាន់ចាញ់នោះឡើយ។ លោកដឹកនាំ ១៤ ដងមិនដែលចាញ់ ពោលដឹកនាំពានលីគកំពូល ១១ ដង និងពានសម្ដេច ៣ ដង។ 

២- អ្នកចាំទីវ័យ ២៣ ឆ្នាំ កែវ សុខសិលា របស់វិសាខា ជាកីឡាករតែម្នាក់គត់ដែលលេងគ្រប់ការប្រកួតទាំងអស់ឲ្យវិសាខា គិតត្រឹមសប្ដាហ៍ទី១៦។ គេលេងរហូតដល់ ១៨ ប្រកួតពេញ ក្នុងនោះពានលីគកំពូល ១៥ លើក និងពានសម្ដេចតេជោ ៣ លើក។ បើបូកនាទីទៅ សុខសិលា លេងរហូតដល់ ១៦២០ នាទី យូរជាងអ្នកចាំទីណាទាំងអស់នៅកម្ពុជា។

៣- ម៉ាត់ នូរុណ បំបែកកំណត់ត្រាផ្ទាល់ខ្លួនក្នុងអាជីពលើកដំបូងដោយរកបាន រហូតដល់ ១៥ គ្រាប់ដែលជាចំនួនខ្ពស់បំផុតកាលលេងនៅអគ្គិសនីកម្ពុជាក្នុងមួយរដូវកាល។ គេជាខ្សែប្រយុទ្ធខ្មែរលេចធ្លោបំផុតរដូវកាលនេះនៅលីគកំពូល និង រកគ្រាប់បាន ១១ ប្រកួតជាប់គ្នា (លីគ៨ប្រកួតជាប់គ្នា និង ពានសម្ដេច ៣ ដងជាប់គ្នា)។  

៤- យុវជនវ័យក្មេងដែលលេងលេចធ្លោបំផុតនៅលីគកំពូលរដូវកាលនេះ គឺ សៀង ចន្ធា។ គេមានវ័យត្រឹម ១៨ ឆ្នាំ និង ២៣ ថ្ងៃប៉ុណ្ណោះបើគិតត្រឹមថ្ងៃទី ២ តុលា នេះ។ គេលេងសឹងគ្រប់ការប្រកួតរបស់បឹងកេត និង រកបាន ១៤ គ្រាប់ (លីគកំពូល ៩ គ្រាប់ និងពានសម្ដេច ៥ គ្រាប់)។

៥- យុវជនដែលបំបែកកំណត់ត្រាស៊ុតចូលនៅលីគកំពូលវ័យក្មេងជាងគេ គឺ ឃាន់ សុបិន។ ពេល សុបិន ស៊ុតចូលក្រុម គីរីវង់សុខសែនជ័យ កាលថ្ងៃទី៥ កញ្ញា  យុវជនបាទីរូបនេះមានវ័យត្រឹម ១៥ ឆ្នាំ ១០ ខែ និង ២៨ ថ្ងៃប៉ុណ្ណោះ ដែលមានវ័យក្មេងជាងខ្សែប្រយុទ្ធ សុវណ្ណ ដូណា របស់អង្គរថាយហ្គឺរ មានវ័យ១៦ ឆ្នាំ (ស៊ុតចូលថ្ងៃដំណាលគ្នា)។  

៦- រដូវកាលនេះ យុវជនបាទី ត្រូវប្រើពេលរហូតដល់ សប្ដាហ៍ទី ១៦ (លេងបាន១៥ប្រកួត) ទើបអាចរកជ័យជម្នះបានលើកដំបូងពេលស៊ី អាស៊ីអឺរ៉ុបយូណាយធីត ២-១ នៅទឹកដីរបស់ខ្លួន។ យុវជនបាទី ក្លាយជាក្រុមប្រើពេលយូរបំផុតដើម្បីស្វែងរកជ័យជម្នះដំបូងនៅរដូវកាលនេះ។ 

៧- ក្រុមកងយោធពលខេមភូមិន្ទជាក្រុមរបូតគ្រាប់បាល់ច្រើនជាងគេទល់នឹងក្រុមខ្លាំងនៅ Top 6។ ពួកគេរបូតដល់ ២៣ គ្រាប់ច្រើនជាងក្រុមណាទាំងអស់នៅក្រុមកំពូលតារាងទាំង ៦។ កំណត់ត្រារបូតច្រើនបំផុតទល់ Top 6 គឺ របូត ៦ គ្រាប់ទល់ បឹងកេត នៅជើងទី១ និង របូត ៥ គ្រាប់ទល់នឹងព្រះខ័នរាជស្វាយរៀងនៅជើងទី២។  

៨- Privat  នៅតែមានអាទិភាពឈ្នះស្បែកជើងមាសដោយសាររូបគេរកបាន ១៦ គ្រាប់លើសគូប្រជែងម៉ាត់ នូរុណ ចំនួន ១ គ្រាប់គិតត្រឹមសប្ដាហ៍ទី១៦។ បើឈ្នះស្បែកជើងមាសលើកនេះទៀត គឺ កើនកំណត់ត្រាពីរលើកជាប់គ្នា និង អាចជាខ្សែប្រយុទ្ធបរទេសដំបូងឈ្នះស្បែកជើងមាសពីរឆ្នាំជាប់គ្នានៅលីគកំពូលកម្ពុជា។ 

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania