គ្រូសូលទីឡូ បង្ហាញមូលហេតុនាំឲ្យភ្នំពេញក្រោនវាយបកយកឈ្នះត្រឹម៣នាទី
03 Sep 2019 16:21 104

គ្រាប់បាល់វាយបក២គ្រាប់ផ្ទួនៗ ត្រឹមរយៈពេល៣នាទីពី Dzarma Bata និង Booysen Shane ដើម្បីលប់ចោលការទាត់នាំមុខឲ្យសូលទីឡូរបស់ រ័ត្ន សំណាង ត្រូវបានគ្រូបង្វឹកសូលទីឡូអង្គរ លោក​ Darren Pomroy ពន្យល់ថា ដោយសារកត្តាកម្លាំងកីឡាករ ដ្បិតត្រូវធ្វើចលនាគ្រប់នាទីតាមចង្វាក់ដ៏លឿនរបស់ក្រោន ម្យ៉ាងក្រុមលោកមានកីឡាករបម្រុងតែ២នាក់ប៉ុណ្ណោះ។

 

 

«កីឡាករទាំង១១នាក់លើទីលាន រត់រហូតស្ទើរពុំមានពេលសម្រាកសោះ ដើម្បីទប់ទល់ការលេងរបស់គូប្រកួត។ យើងពុំមានជម្រើសច្រើនសម្រាប់ផ្លាស់ប្ដូរទេ ដោយសារកីឡាករយើងដល់ទៅ៩នាក់ ត្រូវជាប់ពិន័យ និងមានបញ្ហារបួស ហើយថ្ងៃប្រកួតនោះ យើងមានបម្រុងតែ៤ទេ ដោយមាន២នាក់ជាអ្នកចាំទី។​ ចំណែក Fumiya ដែលប្ដូរចូលចុងវគ្គ គឺចូលលេងទាំងពុំទាន់ Fit ១០០ភាគរយ ព្រោះគាត់ឈឺចង្កេះពេលហាត់ Gym តាំងពីថ្ងៃអង្គារមកម្ល៉េះ»។

 

 

បែបណាក្ដី គ្រូជនជាតិអង់គ្លេសកាន់អាជ្ញាបណ្ណបង្វឹក UEFA កម្រិត A រូបនេះ បានបង្ហាញក្ដីពេញចិត្តចំពោះការផ្ដល់ឱកាសដល់កីឡាករវ័យក្មេង ក៏ដូចជាការបង្ហាញសមត្ថភាពជាទីពេញចិត្ត ក្នុងជំនួបតទល់ភ្នំពេញក្រោន ពិសេសយុវជន រ័ត្ន សំណាង ដែលបានទាត់បញ្ចូលទីគ្រាប់នាំមុខឲ្យក្រុម។ លោកថា កីឡាករទាំងអស់ជាវីរបុរសក្នុងការប្រកួត បើទោះជាមានវ័យ និងបទពិសោធខ្ចី ប៉ុន្តែពួកគេស្រេកឃ្លានជ័យជម្នះ ហើយប្រយុទ្ធគ្រប់នាទីដើម្បីក្រុម។

 

 

គួររំឭកឡើងវិញថា ក្នុងដំណើរទៅកាន់ទឹកដី Smart RSN របស់សូលទីឡូកាលពីថ្ងៃសៅរ៍កន្លងទៅ កីឡាករវ័យក្មេង រ័ត្ន សំណាង បានបំប៉ោងសំណាញ់ទីភ្នំពេញក្រោននៅនាទី៧៥ តែត្រូវអតីតសមាជិករបស់ខ្លួន Dzarma Bata ទាត់តាមស្មើនៅនាទី៨១ មុនពេល Booysen Shane បន្ថែមគ្រាប់បាល់ជ័យជម្នះត្រឹម២នាទីបន្ទាប់៕

 

អត្ថបទ៖ CNCC

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania