ជំនួបរវាង អាស៊ីអឺរ៉ុបយូណាយធីត និង សូលទីឡូអង្គរត្រូវលើកពេល

11 Oct 2020 17:11

876

Share :


ជំនួបនាសប្ដាហ៍ទី១៨ រវាង អាស៊ីអឺរ៉ុបយូណាយធីត និង សូលទីឡូអង្គរនៅ AEU Sports Park ត្រូវបានលើកពេលដោយសារភ្លៀងធ្លាក់ខ្លាំងពេកហើយលេងបាល់តាមបច្ចេកទេសមិនកើត។ ការប្រកួតបានចាប់ផ្ដើមនៅម៉ោង ៣:៣០ រសៀលដែលជាម៉ោងកំណត់ បន្ទាប់ពី ភ្លៀងបានបង្អុរមុនការប្រកួតចាប់ផ្ដើមប្រមាណជា ១០ នាទី។ 

ទោះមានភ្លៀងធ្លាក់បណ្ដើរៗ ប៉ុន្តែស្នងការប្រកួតបានអនុញ្ញាតឲ្យប្រកួតចាប់ផ្ដើមធម្មតាដែលមានអាជ្ញាកណ្ដាល ឃិន ឧសីហា ជាអ្នកបញ្ជាការប្រកួត។ យ៉ាងណាក្ដី ការប្រកួត បានចាប់ផ្ដើមត្រឹម ៣ នាទីត្រូវបានផ្អាកទៅវិញ ព្រោះការលេងបាល់មិនទៅមុខសោះ ខណៈទីលានដក់ទឹកកាន់តែច្រើន។ អាជ្ញាកណ្ដាលក៏បានបញ្ឈប់ការប្រកួតទៅតាមស្នងការប្រកួត និង មានការស្នើសុំពីសំណាក់គ្រូបង្វឹកទាំងសងខាងផងដែរ។ 

បន្ទាប់មកស្នងការប្រកួតក៏ផ្អាក ៣០ នាទីលើកទី១ ប៉ុន្តែភ្លៀងនៅតែមិនឈប់ទាល់តែសោះ និងបន្ថែមរយៈពេលផ្អាក ៣០ នាទីជាលើកទី២។  ទោះចំណាយពេលរហូតដល់ ៦០ នាទី នៅតែមានទឹកដក់ពេញតារាង ដូច្នេះស្នងការប្រកួតក៏បានប្រកាសលើកពេលវេលតែម្ដង ខណៈដែល ភ្លៀងបន្តធ្លាក់ខ្លាំងដដែលរហូតដល់ម៉ោងប្រមាណ ៥ ល្ងាច។ 

ការប្រកួតរវាងក្រុមទាំងពីរនេះ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជានឹងជូនដំណឹងនាពេលក្រោយ។ 

កាលជើងទី១ រដូវកាលនេះ អាស៊ីអឺរ៉ុបយូណាយធីត បានយកឈ្នះ សូលទីឡូអង្គរដោយលទ្ធផល ២-១។ ហើយលទ្ធផលពីររដូវកាលកន្លងមកនៅឆ្នាំ ២០១៨ និង ២០១៩ អាស៊ីអឺរ៉ុបយូណាយធីតឈ្នះ ៣ ដង និង សូលទីឡូអង្គរ ឈ្នះម្ដង។ ប៉ុន្តែ គួរកត់សម្គាល់ក្រុមទាំងពីរឈ្នះចាញ់គ្នាត្រឹមគម្លាតមួយគ្រាប់ប៉ុណ្ណោះ៕ 

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania