លោក ស៊ុំ វណ្ណា ទុកពានគ្រូល្អជាការលើកទឹកចិត្តបន្ថែមទៀត

12 Oct 2020 09:40

957

Share :


គ្រូបង្គោលក្លិបភ្នំពេញក្រោន លោក ស៊ុំ វណ្ណា បានចាត់ទុកការឈ្នះពានរង្វាន់គ្រូបង្វឹកល្អប្រចាំខែកញ្ញា ជាការលើកទឹកចិត្តបន្ថែមទៀតដល់ក្រុម ហើយសមាជិកគ្រប់រូបក៏បានបង្ហាញអារម្មណ៍រីករាយចំពោះសមិទ្ធផលនេះដែរ។

គ្រូបង្វឹកក្រុមជើងឯក Metfone Cambodian League ៦សម័យខាងលើត្រូវបានប្រគល់រង្វាន់កិត្តិយសនេះបន្ទាប់ពីដឹកនាំក្រុមទទួលបានលទ្ធផលគួរកត់សម្គាល់។ ជាក់ស្ដែង ក្រុមមានមូលដ្ឋាននៅ Smart RSN បានយកឈ្នះក្រុមការពារជើងឯក MCL ព្រះខ័នរាជស្វាយរៀង, ស្មើវិសាខា និងឈ្នះសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ។

លោក ស៊ុំ វណ្ណា ថ្លែងពាក់ព័ន្ធនឹងការទទួលបានពានគ្រូល្អបែបនេះ “៖វាជាការវាស់ស្ទង់លទ្ធផលក្នុងខែកន្លងទៅ ទាក់ទងនឹងការរៀបចំរបស់យើង។ ចំពោះខ្ញុំវាជាការលើកទឹកចិត្តមួយដ៏ល្អសម្រាប់គ្រូ ហើយក្រុមការងារ និងកីឡាករក៏សប្បាយចិត្តចំពោះអ្វីដែលយើងទទួលបាន។” 

អតីតគ្រូបង្គោលវេស្ទើនភ្នំពេញបានបង្ហាញអារម្មណ៍ស្ដាយខ្លះដែរចំពោះការអស់ឱកាសប្រជែង MCL។ តែយ៉ាងណា ក្នុងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ  ភ្នំពេញក្រោនបានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ 

លោក ស៊ុំ វណ្ណា លើកឡើងបែបនេះ “៖តាមពិតអ្វីដែលយើងផ្ដោតនោះ គឺជើងឯកលីគកំពូល២០២០នេះ តែការរបូតពិន្ទុពីរបីប្រកួត ធ្វើឲ្យយើងអស់ឱកាស។ តែចំពោះពានរង្វាន់សម្ដេច យើងបានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រប៉ះណាហ្គា។ នេះជាការប្រសើរពីមួយជំហានទៅមួយជំហាន ដោយសារការប្រឹងប្រែងពីក្រុមការងារទាំងអស់។”

នេះជាលើកទី៤ហើយដែលលោក ស៊ុំ វណ្ណា ទទួលបានពានរង្វាន់គ្រូបង្វឹកល្អប្រចាំខែ ដោយពីរលើកបាននៅរដូវកាល២០១៩ និង ២លើកគិតត្រឹមខែកញ្ញា រដូវកាល២០២០នេះ៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania