ក្រុមទាំង៤ធ្លាប់បានសមិទ្ធផលអ្វីខ្លះមុនឡើងវគ្គ៤ក្រុមពានសម្ដេចតេជោ ហ៊ុន សែន ឆ្នាំនេះ?

14 Oct 2020 10:51

2040

Share :


ការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ ២០២០ បានរកឃើញក្រុមចំនួន៤ហើយសម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលមានណាហ្គាវើលដ៍, ភ្នំពេញក្រោន, វិសាខា និងខេត្តព្រៃវែង។ 

ក្នុងចំណោមក្រុមទាំង៤ គឺមានតែព្រៃវែងដែលជាជើងឯកថ្នាក់ខេត្ត២០២០ប៉ុណ្ណោះបានឡើងមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដ៏សំខាន់នេះលើកដំបូង។ ចុះក្លិបនៅថ្នាក់ជាតិទាំង៣ផ្សេងទៀត តើឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងផ្ដាច់ព្រ័ត្រប៉ុន្មានដងដែរ?

ភ្នំពេញក្រោន

ភ្នំពេញក្រោនធ្លាប់ក្ដោបក្ដាប់តំណែងជើងឯកបានពីរលើកជាប់ៗគ្នានៅឆ្នាំ២០០៨ (ឆ្នាំនោះនៅឈ្មោះជាភ្នំពេញអ៊ីមផាយអឺរ) និង២០០៩។ នៅឆ្នាំ២០១០ ក្រុមជើងឯក Metfone Cambodian League ៦សម័យបានឆ្លងដល់វគ្គផ្ដាច់ព្រ័ត្រម្ដងទៀតដែរ តែចាញ់ក្រសួងការពារជាតិ (បច្ចុប្បន្នសមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ)។ ក្រៅពីការឡើងដល់វគ្គផ្ដាច់ព្រ័ត្រយកពាន ភ្នំពេញក្រោនក៏ធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ៣ នៅឆ្នាំ២០០៧, ២០១៣, ២០១៦ និង២០១៩។ 

ណាហ្គាវើលដ៍

ក្រុមលោក មាស ចាន់ណា ជាក្លិបដ៏មានបទពិសោធយ៉ាងច្រើនក្រាស់ក្រែលក្នុងពានរង្វាន់ដ៏ធំមួយនេះ។ ជាក់ស្ដែងគ្រាន់តែឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងផ្ដាច់ព្រ័ត្រដល់ទៅ១០ដង ចាប់តាំងពីពាននេះបង្កើតឡើងនៅឆ្នាំ២០០៧។ 
យ៉ាងណា ណាហ្គាវើលដ៍ធ្លាប់លើកពានតែម្ដងគត់កាលឆ្នាំ២០១៣ដែលកាលណោះនៅជាឈ្មោះណាហ្គាខប។ ក្រៅពីនោះ ពួកគេបានមេដាយប្រាក់ឆ្នាំ២០០៧, ២០០៩, ២០១២, ២០១៥ និង២០១៧។ ចំណែកលទ្ធផលផ្សេងៗទៀត គឺក្លិបចាស់ទុំមួយនេះបានលេខ៣នៅឆ្នាំ២០១១ និង២០១៨ ព្រមទាំងលេខ៤ ២០១០ និង២០១៤។

វិសាខា

ឈានជើងចូលលីគកំពូល Metfone Cambodian League នៅឆ្នាំ២០១៨ វិសាខាបានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ ឆ្នាំ២០១៩ តែចាញ់បឹងកេត ទទួលបានត្រឹមលេខ៣ស្ទួនជាមួយភ្នំពេញក្រោន។

គួរបញ្ជាក់ថា សម្រាប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ឆ្នាំ២០២០ ណាហា្គវើលដ៍ ត្រូវជួបភ្នំពេញក្រោន នៅថ្ងៃទី២១ ខែតុលា និងវិសាខាប៉ះខេត្តព្រៃវែងនៅថ្ងៃទី២២ ខែតុលា ដែលពីរគូនេះត្រូវរៀបចំនៅពហុកីឡដ្ឋានជាតិដូចគ្នា៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania