ភ្នំពេញក្រោន ចែករំលែកឲ្យបឹងកេតលក់សំបុត្រ ២០០ សន្លឹកសម្រាប់អ្នកគាំទ្រ

15 Oct 2020 11:20

2001

Share :


ភ្នំពេញក្រោនដែលជាក្រុមម្ចាស់ផ្ទះបានពិភាក្សាគ្នាជាមួយភាគីបឹងកេត ក្នុងការចែករំលែកគ្នាលក់សំបុត្រដល់អ្នកគាំទ្រសម្រាប់ការប្រកួតធំនៅថ្ងៃទី ២៥ ខែ តុលា ខាងមុខ និង ជាការប្រកួតសម្រេចវាសនាជើងឯកកំពូលកម្ពុជារដូវកាលឆ្នាំ២០២០។ 

លោក កែវ សុខង៉ន អ្នកចាត់ការក្រុមភ្នំពេញក្រោន បានថ្លែងប្រាប់ CNCC ថា ៖«បាល់ទាត់វាមូល បង! ម្ដងគេម្ដងយើង។ ខាងភ្នំពេញក្រោន លក់ ៤០០ ដល់អ្នកគាំទ្រ ហើយជូនបឹងកេត ២០០ លក់បន្ត។ យើងសម្រួលទាំងអស់គ្នាឲ្យមានអ្នកគាំទ្របានមកទស្សនា ព្រោះបឹងកេត ក៏ជាក្លិបមួយមានអ្នកគាំទ្រច្រើនដែរ។ បើសិនបឹងកេត ស្មើ ឬ ឈ្នះ នោះគេនឹងឈ្នះពាន»។

ក្រុមជើងឯកលីគកំពូល ៦ សម័យ បានប្រកាសថ្ងៃម្សិលមិញថា ពួកគេនឹងដាក់លក់សំបុត្រជំនួបបឹងកេតនៅថ្ងៃទី ១៥ តុលា នេះ។ រីឯក្រុមភ្ញៀវបឹងកេត ក៏ប្រកាសលើហ្វេសប៊ុកផ្លូវការរបស់ខ្លួនថាសំបុត្រត្រូវដាក់លក់រសៀលនេះចាប់ពីម៉ោង ៣:៣០ តទៅនៅកីឡដ្ឋានខេមបូឌាអ៊ែវ៉េ។ 

ទន្ទឹមគ្នានោះលោក បែ មករា អគ្គលេខាធិការរបស់ក្លិប បឹងកេត បានឲ្យដឹងថា ៖«ការទទួលលក់សំបុត្រនេះ គឺ យើងបានពិភាក្សាគ្នាតាំងពីក្រសួង ចាប់ផ្ដើមអនុញ្ញាតឲ្យចូលទស្សនាមកម៉្លេះ។ ហើយថ្មីៗនេះក៏ឈានដល់ការព្រមព្រៀងទទួលបាន ២០០ សន្លឹកមកលក់ឲ្យអ្នកគាំទ្ររបស់យើង។ នេះជាការជួយសម្រួលគ្នាទៅវិញទៅមកសម្រាប់អ្នកគាំទ្រទាំងសងខាង»។ 

ចំណុះកីឡដ្ឋាន Smart RSN អាចផ្ទុកទស្សនិកជនបាន ៦០០០ នាក់។ សំបុត្រត្រូវបានអនុញ្ញាតឲ្យដាក់លក់ ១០% នៃទស្សនិកជនសរុបនៅស្ដាតដែលជាម្ចាស់ផ្ទះកាលដើមខែ កញ្ញា កន្លង ប៉ុន្តែត្រូវគោរពខ្ជាប់ខ្ជួនតាមគោលការណ៍ណែនាំរបស់ក្រសួង។ អ្នកទិញសំបុត្រត្រូវមានម៉ាសការពារ, អត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែនជាដើម និង កាតសិស្ស ឬ និស្សិតជាដើម។ 

ជំនួបរវាងភ្នំពេញក្រោន និង បឹងកេត គឺជាសប្ដាហ៍ចុងក្រោយនៃការបិទបញ្ចប់លីគកំពូលកម្ពុជានៅល្ងាចថ្ងៃទី ២៥ តុលា ខណៈគូប្រជែងព្រះខ័នរាជស្វាយរៀង ទទួលក្រុម ណាហ្គាវើលដ៍នៅកីឡដ្ឋានខេត្តស្វាយរៀង។  បឹងកេត ត្រូវការតែត្រឹមស្មើភ្នំពេញក្រោន ប៉ុណ្ណោះ ដើម្បីលើកពាន Metfone Cambodian League លើកទី៤ក្នុងប្រវត្តិសាស្ត្ររបស់ក្លិប៕ 

អត្ថបទ៖ CNCC
ប្រភពរូប៖ Boeung Ket Football Club / Cambodia Airways Stadium

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania