ពីរប្រកួតចុងក្រោយ AEU នឹងធ្វើឲ្យបានគោលដៅនេះ
17 Oct 2020 09:59 488

ការបញ្ចប់នៅចំណាត់ថ្នាក់លេខ៨ គឺជាគោលដៅសំខាន់របស់អាស៊ីអឺរ៉ុបយូណាយធីតសម្រាប់ពីរប្រកួតចុងក្រោយនៃក្របខណ្ឌ Metfone Cambodian League រដូវកាល២០២០។ នេះបើយោងតាមសម្ដីរបស់គ្រូបង្គោល សុក វាសនា។

ពីរប្រកួតចុងក្រោយនៅលីគកំពូលដែលត្រូវប៉ះអគ្គិសនីកម្ពុជា និងគិរីវង់សុខសែនជ័យ គ្រូបង្គោលក្រុមមានមូលដ្ឋាននៅឃុំស្វាយជ្រំជឿជាក់ថា នឹងអាចធ្វើបាន ព្រោះសមាជិកគ្រប់រូបកំពុងមានទំនុកចិត្ត ជាពិសេសលទ្ធផលថ្មីៗនេះធ្វើឲ្យក្រុមកាន់តែមានជំនឿចិត្ត។

លោក សុក វាសនា ថ្លែងបែបនេះ “៖គោលដៅពីរប្រកួតចុងក្រោយ គឺយើងត្រូវការឈ្នះទាំងពីរដើម្បីបញ្ចប់នៅចំណាត់ថ្នាក់ល្អ គឺលេខ៨ អ៊ីចឹងអ្វីនៅសល់ គឺការប្រឹងប្រែង៩០នាទីទាំងពីរប្រកួត។ យើងមានទំនុកចិត្តដោយសារ ប៉ុន្មានប្រកួតចុងក្រោយ កីឡាករយើងមានជំនឿចិត្ត និងទំនុកចិត្តក្នុងការលេង ហើយយើងក៏បានឈ្នះពីរប្រកួតជាប់គ្នាមុនហ្នឹងទៀត។”

ទោះលទ្ធផលល្អប៉ុន្មានប្រកួតថ្មីៗនេះ អតីតគ្រូយុវជនព្រះខ័នរាជស្វាយរៀងទទួលស្គាល់ទាំងអគ្គិសនីកម្ពុជា និងគិរីវង់សុខសែនជ័យនៅតែជាឧបសគ្គ ប្រសិនបើក្រុមលោកធ្វើមិនបានសម្រេចទៅតាមផែនការ។

១៦ប្រកួតកន្លងទៅ អាស៊ីអឺរ៉ុបយូណាយធីត មាន១៦ពិន្ទុឈរលេខ១០ ក្រោមក្រុមលេខ៨ គិរីវង់សុខសែនជ័យ៤ពិន្ទុ តែក្រុមមានមូលដ្ឋាននៅខេត្តតាកែវលេងបាន១៧ប្រកួត។ នៅថ្ងៃសៅរ៍ ទី១៧ ខែតុលា AEU ត្រូវប៉ះម្ចាស់ផ្ទះអគ្គិសនីកម្ពុជា នៅវេលាម៉ោង៣និង៣០នាទីរសៀល៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania