មាស សំអឿន “៖យើងត្រូវតែប្រឹងប្រែងសំខាន់បំផុតជាមួយអាស៊ីអឺរ៉ុបនេះហើយ”
17 Oct 2020 12:09 347

លោក មាស សំអឿន គ្រូបង្គោលក្លិបអគ្គិសនីកម្ពុជា សង្កត់ធ្ងន់ថា លទ្ធផលល្អពីការប្រកួតជាមួយអាស៊ីអឺរ៉ុបយូណាយធីត នៅថ្ងៃសៅរ៍ ទី១៧ ខែតុលា នេះដើម្បីរក្សាក្ដីសង្ឃឹមក្នុងការបន្តវត្តមាននៅក្របខណ្ឌ Metfone Cambodian League រដូវកាលក្រោយទៀត។

EDC នៅប្រទាញប្រទង់ជាមួយក្រុមលេខ១៣យុវជនសាលាបាល់ទាត់ជាតិបាទីទោះនាំមុខ៤ពិន្ទុ ដោយសារក្រុមទាំងពីរនៅសល់ពីរប្រកួតដូចគ្នាមុនបិទរដូវកាល។ នៅថ្ងៃអាទិត្យ ទី១៨ ខែតុលា ក្រុម U18 បាទីក៏ត្រូវជួបជាមួយអង្គរថាយហ្គឺរ។ 

លោក មាស សំអឿន ថ្លែងបែបនេះ “៖អន់បំផុតក៏ត្រឹមស្មើជាមួយអាស៊ីអឺរ៉ុបដើម្បីយកពិន្ទុទៅទប់បាទីនៅថ្ងៃចុងក្រោយ (អគ្គិសនី និងបាទីប៉ះគ្នាថ្ងៃបិទរដូវកាល) ហើយយើងដាច់ខាតត្រូវឈ្នះបាទីនៅថ្ងៃចុងក្រោយ ដើម្បីកុំឲ្យធ្លាក់ក្នុងតំបន់គេកាត់ចោល។ អ៊ីចឹងយើងត្រូវតែប្រឹងប្រែងសំខាន់បំផុតជាមួយអាស៊ីអឺរ៉ុបនេះហើយដើម្បីទប់ពេលប៉ះបាទី។”

យ៉ាងណា ក្នុងករណីអង្គរថាយហ្គឺរទទួលបានជ័យជម្នះនៅថ្ងៃអាទិត្យនេះ មានន័យថា ក្រុមយុវជនបាទីអស់ឱកាសងើបចេញពីបាតតារាង ទោះនៅសល់ការប្រកួតបិទរដូវកាលជាមួយអគ្គិសនីកម្ពុជា។

ដោយឡែក ពាក់ព័ន្ធនឹងការប្រកួតជាមួយអាស៊ីអឺរ៉ុបយូណាយធីត លោក មាស សំអឿន មានការព្រួយបារម្ភខ្លះដែរលើតំបន់ការពារ ដោយសារអវត្តមានកីឡាករសម្បូរបទពិសោធ មួន ណារ៉ា ដូច្នេះលោកត្រូវបំពេញចន្លោះប្រហោងដោយកូនក្រុមវ័យក្មេង៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania