លោក សារ៉េត ស៊ីដន “៖ថ្នាក់ដឹកនាំក្លិបពេញចិត្តខ្លាំងចំពោះលទ្ធផលជើងទីពីរ”
18 Oct 2020 11:00 484

ទោះមិនលើសគ្នាខ្លាំងបើប្រៀបធៀបទៅនឹងលទ្ធផលពីជុំទីមួយ ថ្នាក់ដឹកនាំក្លិបបាល់ទាត់នគរបាលជាតិពេញចិត្តចំពោះលទ្ធផលនៅជុំទីពីរនៃក្របខណ្ឌ Metfone Cambodian League។ នេះបើតាមការបង្ហើបឲ្យដឹងពីគ្រូបង្គោលក្លិបនគរបាលជាតិ លោក សារ៉េត ស៊ីដន។

ក្រុមតំណាងនគរបាលជាតិខាងលើបានចាប់ផ្ដើមរដូវកាល២០២០យ៉ាងត្រដាបត្រដួស តែក្រោយពីមានការចង្អុលបង្ហាញពីថ្នាក់ដឹកនាំ និងកំណែទម្រង់ថ្មី ក្លិបក៏ទទួលបានលទ្ធផលល្អប្រសើរឡើងវិញជាងជុំទីមួយកន្លងទៅ។

លោក សារ៉េត ស៊ីដន បញ្ជាក់បែបនេះ “៖កត្តាចម្បងគឺថ្នាក់ដឹកនាំបានរៀបចំផែនការដើម្បីបំពេញចន្លោះខ្វះខាតនៅជុំទីមួយ ហើយក្រុមការងារគ្រូ និងកីឡាករបានអនុវត្តទទួលបានជោគជ័យ។ ជាក់ស្ដែង ឯកឧត្តមប្រធាន ជួន ណារិន្ទ  បានបញ្ជាដឹកនាំផែនការគោលដៅច្បាស់លាស់មួយប្រគល់ជូនលោកអនុប្រធាន ជឹង ឃាងលី  និង លោកអគ្គលេខាធិការ ស្រី ចន្ថា ចុះជាប់ផ្ទាល់ជាមួយក្រុមការងារគ្រូ និង កីទ្បាករ។ ទោះបីលទ្ធផលមិនលើសឆ្ងាយពេកពីជុំទីមួយ ក៏ពួកយើងសប្បាយចិត្ត ហើយត្រៀមអនុវត្តផែនការសម្រាប់រដូវកាល២០២១ជាបន្ត។”

គួរដឹងដែរថា ក្លិបនគរបាលជាតិបានបញ្ចប់ការប្រកួតអស់ហើយនៅរដូវកាល២០២០នេះ។ ៦ប្រកួតនៅជុំទីពីរ ពួកគេឈ្នះ៤ ស្មើមួយ និងចាញ់មួយ ដោយចាញ់អង្គរថាយហ្គឹរ និងបិទរដូវកាលជាមួយនឹងជ័យជម្នះលើសូលទីឡូអង្គរ។ 

លោក សារ៉េត ស៊ីដន សង្កត់ធ្ងន់ថា ការប្រកួតនៅជុំទីពីរនេះមិនមែនសម្រាប់ចំណាត់ថ្នាក់ណាមួយឡើយ តែត្រូវបានក្លិបចាត់ទុកជាការពង្រឹងខ្លួនសម្រាប់រដូវកាលថ្មី២០២១ខាងមុខឲ្យកាន់តែប្រសើរជាងមុន៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania