វ៉ា សុខថន ថា ប៉ះក្រុមចាស់ភ្នំពេញក្រោនមិនបារម្ភខ្លាំងទេ

20 Oct 2020 09:37

674

Share :


ដោយសារតែធ្លាប់លេងជាមួយគ្នានៅរដូវកាលមុន ខ្សែប្រយុទ្ធណាហ្គាវើលដ៍ វ៉ា សុខថន អះអាងថា មិនមានអ្វីបារម្ភខ្លាំងចំពោះក្រុមចាស់ភ្នំពេញក្រោនទេពេលប៉ះគ្នាក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ នៅថ្ងៃពុធ ទី២១ ខែតុលា ខាងមុខ។ 

យ៉ាងណា អ្វីដែលកូនខ្មែរបារាំងខាងលើចាត់ទុកជាការព្រួយបារម្ភខ្លះនោះ គឺភាពសុំាលើទីលាននាពហុកីឡដ្ឋានជាតិដែលទទួលបន្ទុកការប្រកួតនៅថ្ងៃពុធនេះ ព្រោះកន្លងមក ក្រុមរបស់គេលេងតែលើស្មៅធម្មជាតិ។ 

អតីតកីឡាករភ្នំពេញក្រោនពន្យល់ “៖អត់មានអីបារម្ភទេ។ សប្បាយចិត្តបានជួបមិត្តភក្ដិឆ្នាំមុន តែលេងដូចធម្មតា។ ខ្ញុំដឹងពីគុណភាពរបស់ពួកគាត់ ថាលេងម៉េចៗ។ បើប្រៀបធៀបគុណភាពកីឡាករខ្មែរព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន គឺប្រហាក់ប្រហែល។ ប៉ុន្តែអ្វីដែលខ្ញុំបារម្ភខ្លះនោះ គឺទីលាន ព្រោះរាល់ដងយើងលេងតែលើស្មៅធម្មជាតិ អ៊ីចឹងមកលេងស្មៅសិប្បនិម្មិតអាចប៉ះពាល់នឹងភាពសុំាខ្លះដែរ។”

មុនឡើងមកកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ណាហ្គាវើលដ៍ទម្លាក់ព្រះខ័នរាជស្វាយរៀង ខណៈភ្នំពេញក្រោនឈ្នះគិរីវង់សុខសែនជ័យ។ ក្រុមលោក មាស ចាន់ណា នឹងជួបជាមួយក្រុមលោក ស៊ុំ វណ្ណា ថ្ងៃពុធ ទី២១ តុលា នាពហុកីឡដ្ឋានជាតិ។ 

គួរដឹងដែរថា វ៉ា សុខថន ធ្លាប់ចំណាយពេលពីរលើកនៅភ្នំពេញក្រោន ក្នុងរដូវកាល២០១៥ និង២០១៩។ ពេលលេងលើកដំបូង គេរួមចំណែកឈ្នះពានរង្វាន់ Metfone Cambodian League និងជាប់ជម្រើសជាតិកម្ពុជាទៀតផង។ នៅឆ្នាំ២០១៩ ខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំបានឈ្នះស្បែកជើងមាសពានសម្ដេចតេជោ ហ៊ុន សែន មុនផ្លាស់ទៅណាហ្គាវើលដ៍ ឆ្នាំ២០២០នេះ៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania