យល់ដឹងអំពីក្រុមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានសម្ដេច ហ៊ុន សែន ឆ្នាំ២០២០

20 Oct 2020 11:33

639

Share :


ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានសម្ដេច ហ៊ុន សែន លើកទី១៤នឹងចាប់ផ្ដើមនៅថ្ងៃទី២១ និងទី ២២ តុលា នៅពហុកីឡដ្ឋានជាតិ។ ក្រុមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រមាន ភ្នំពេញក្រោន ណាហ្គាវើលដ៍ វិសាខា និង ព្រៃវែង។ 

ណាហ្គាវើលដ៍ ជួប ភ្នំពេញក្រោន វេលាម៉ោង ៦ ល្ងាចស្អែកនេះនៅពហុកីឡដ្ឋានជាតិ មុនពេល ព្រៃវែង ទទួល វិសាខា នៅថ្ងៃទី ២២ តុលា តាមពេលវេលា និង ទីលានដដែល។ សូមតាមដានប្រវត្តិត្រួសៗនៃក្រុមទាំង៤ដូចខាងក្រោម។ 

ភ្នំពេញក្រោន ជាក្រុមចាស់វស្សាមួយក្នុងពានរង្វាន់នេះ ពោលពួកគេធ្លាប់ឈ្នះពានពីរលើកនៅឆ្នាំ ២០០៨ និង ២០០៩។ ភ្នំពេញក្រោន ជាប់កំណត់ត្រាជាក្រុមដំបូងដែលឈ្នះពានសម្ដេចពីរលើកជាប់គ្នាមុនពេល ព្រះខ័នរាជស្វាយរៀង ធ្វើបាននៅឆ្នាំ ២០១១ និង២០១២។ ក្នុងពានសម្ដេចនេះ លោក ស៊ុំ វណ្ណា ដែលជាគ្រូជំនួយ បានរួមចំណែកជួយឲ្យ ស៊ីម៉ាក់ បានលេខ៣ នៅឆ្នាំ ២០១៦ ពេលចាញ់ក្រុម ភ្នំពេញក្រោន ១-០ ។ ភ្នំពេញក្រោន ធ្លាប់ឡើងវគ្គផ្ដាច់ព្រ័ត្រពានសម្ដេចចំនួន ៣ ដង (ឈ្នះពានម្ដង)។  ប៉ុន្តែបើគិតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នេះជាលើកទី៧ របស់ភ្នំពេញក្រោន។ 

ណាហ្គាវើលដ៍ កំពុងស្រេកឃ្លាននឹងជ័យជម្នះពានសម្ដេចជាលើកទី២ បន្ទាប់ពីទម្លាក់ក្រុមស្ដេចត្រាញ់ព្រះខ័នរាជស្វាយរៀងក្នុងពានរង្វាន់នេះកាលវគ្គ ៨ ក្រុមចុងក្រោយ។ លោក មាស ចាន់ណា រួមជាមួយលោក លឹម នួន បានដឹកនាំ ណាហ្គាវើលដ៍ លើកពាន ឆ្នាំ២០១៣ ពេលឈ្នះក្រុម ខ.ភ.ម ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី និងជាឆ្នាំដំបូងសម្រាប់ក្រុមនេះ។ រឿងគួរកត់សម្គាល់មួយទៀតក្នុងពានរង្វាន់នេះ គឺ ណាហ្គាវើលដ៍ ឡើងវគ្គផ្ដាច់ព្រ័ត្រពានសម្ដេច រហូតដល់ ៦ ដង (ឈ្នះពានម្ដង)។ 

វិសាខា ជាក្រុមថ្មីដែលឡើងមកលីគកំពូលឆ្នាំ ២០១៨ និងមិនធ្លាប់ឈ្នះពានសម្ដេចឡើយ។ ប៉ុន្តែក្រុមមានមូលដ្ឋាននៅហ្គ្រែនភ្នំពេញ បានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅឆ្នាំមុន។ កាលឆ្នាំ២០១៩ វិសាខា មិនអាចឡើងដល់វគ្គផ្ដាច់ព្រ័ត្រដោយសារចាញ់ បឹងកេត ៤-០ នៅវគ្គ ១/២ ផ្ដាច់ព្រ័ត្រ។ នេះជាការឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រលើកទី២ក្នុងកំណត់ត្រារបស់ក្លិប។ បើសិន វិសាខា ឡើងវគ្គផ្ដាច់ព្រ័ត្រលើកដំបូង នោះជាជោគជ័យធំធេងក្រោមការដឹកនាំឆ្នាំដំបូងរបស់លោក Colum Curtis។ 

ក្រុមកូនពៅនៅវគ្គនេះគឺ ព្រៃវែង។ ក្រុមក្មេងខ្ចីមួយនេះបង្កើតកំណត់ត្រាគួរឲ្យភ្ញាក់ផ្អើល ដោយទម្លាក់ក្រុមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រឆ្នាំ២០១៨ អង្គរថាយហ្គឺរ នៅវគ្គ១៦ ក្រុមចុងក្រោយ និងទម្លាក់ក្រុមជើងឯក ៣ សម័យ កងយោធពលខេមរភូមិន្ទមួយទៀតនៅវគ្គ៨ក្រុមចុងក្រោយ។ ការទម្លាក់ក្រុមទាំងពីរនេះកើតឡើងដោយគ្រាប់បាល់ប៉េណាល់ទីកាត់សេចក្ដីដូចគ្នា។ តើព្រៃវែងអាចសាងកំណត់ត្រាថ្មីទល់នឹងក្រុមរៀមច្បង វិសាខា ឬ យ៉ាងណា? 

អត្ថបទ៖ CNCC

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania