សម្រង់សម្ដីគ្រូក្រុមទាំង៤ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន

20 Oct 2020 17:11

698

Share :


ការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ ២០២០ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនឹងចូលមកដល់នៅល្ងាចថ្ងៃពុធ ទី២១ ខែតុលា ដែលណាហ្គាវើលដ៍ត្រូវជួបជាមួយភ្នំពេញក្រោន និងវិសាខា ប៉ះខេត្តព្រៃវែង នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា។

លោក មាស ចាន់ណា គ្រូបង្គោលណាហ្គាវើលដ៍ រំពឹងថា ជំនួបជាមួយភ្នំពេញក្រោននឹងទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រដែលខំចំណាយប្រាក់ទិញសំបុត្រចូលរួមទស្សនា។ ជាមួយគ្នានេះលោកអះអាងថា ទោះកូនក្រុមរបស់លោកភាគច្រើនមានវ័យចំណាស់ តែកម្លាំង និងរបៀបលេង មិនធ្លាក់ចុះទេ អ្វីសំខាន់នោះគឺក្រុមលោកមានបទពិសោធច្រើនជាង។ 

យ៉ាងណា គ្រូបង្វឹកកាន់ A-License នៅតែបង្ហាញការគោរពចំពោះភ្នំពេញក្រោន ដោយកីឡាករក្មេងៗរបស់ពួកគេ លេងដោយមានវិន័យ និងចេះគ្រប់គ្រងទាំងពេលបាត់បាល់ និងពេលមានបាល់។ មិនតែប៉ុណ្ណោះ ខ្សែប្រយុទ្ធវ័យក្មេង ម៉ៅ ពិសិដ្ឋ គឺជាកីឡាករល្អមួយរូបដែលណាហ្គាវើលដ៍មិនត្រូវប្រហែស ដូច្នេះក្រុមលោកនឹងព្យាយាមដាក់សម្ពាធឲ្យច្រើន។

សម្រាប់ភ្នំពេញក្រោនវិញនឹងមិនមានវត្តមានគ្រូបង្គោល ស៊ុំ វណ្ណា និងកីឡាករ លឹម ពិសុទ្ធ ទេដោយសារជាប់ពិន័យ។ យ៉ាងណា លោក កែវ សុខង៉ន អ្នកចាត់ការក្រុម បញ្ជាក់ថា មិនមានបញ្ហាខ្លាំងឡើយ ព្រោះក្រុមការងារបានធ្វើការជាមួយគ្នាយ៉ាងជាប់លាប់។ លោកថា ទាំងកីឡាករក៏បានត្រៀមខ្លួនយ៉ាងល្អក្នុងរយៈពេលពីរសប្ដាហ៍នេះ។

ចំណែកលោក ឡុច ចន្ថា គ្រូបង្គោលក្រុមជម្រើសខេត្តព្រៃវែងបញ្ជាក់ថា ក្រុមរបស់លោកបានរៀបចំយ៉ាងល្អ និងសប្បាយចិត្តដែលបានក្លាយជាក្រុមដំបូងមកពីថ្នាក់ខេត្តឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ លោកថា សមាជិកទាំងអស់នឹងលេង១០០ភាគរយ។ 

ចំពោះលោក Colum Curtis គ្រូបង្គោលក្លិបវិសាខា លើកឡើងថា មិនមើលស្រាលក្រុមព្រៃវែងឡើយ តែសរសើរពួកគេលេងបានយ៉ាងល្អ។ ជាក់ស្ដែង ពួកគេបានទម្លាក់អង្គរថាយហ្គឺរ និងសមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ។ យ៉ាងណា វិសាខាក៏ត្រៀមបានល្អទាំងកម្លាំងកាយ និងកម្លាំងចិត្ត។

គួរដឹងដែរថា មុនឡើងមកកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ណាហ្គាវើលដ៍ទម្លាក់ព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោនឈ្នះគិរីវង់សុខសែនជ័យ, ព្រៃវែងផ្ដួលសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ និងវិសាខាឈ្នះបឹងកេត។ 

ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនឹងប្រព្រឹត្តនៅពហុកីឡដ្ឋានជាតិទាំងពីរគូ៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania