ភ្នំពេញក្រោន មិនដែលឈ្នះ ណាហ្គាវើលដ៍ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានសម្ដេច

21 Oct 2020 09:51

766

Share :


នេះជារដូវកាលទី១៤ នៃពានសម្ដេច ហ៊ុន សែន បន្ទាប់ពីកកើតនៅឆ្នាំ ២០០៧ មក។ ក្នុង១៣រដូវកាលកន្លងមក ក្រុម ណាហ្គាវើលដ៍ និង ភ្នំពេញក្រោន បានជួបគ្នាពីរលើកនាវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅឆ្នាំ ២០០៧ ដែលពាននេះដំណើរការលើកដំបូង និងឆ្នាំ២០១០។ 

ណាហ្គាវើលដ៍ (ណាហ្គាខប) ឈ្នះ ភ្នំពេញក្រោន ៤-២ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រលើកដំបូងក្នុងពានសម្ដេចឆ្នាំ ២០០៧។ ពេលណាហ្គាលវើលដ៍ ឈ្នះ ភ្នំពេញក្រោន ឡើងវគ្គផ្ដាច់ព្រ័ត្រ ប៉ុន្តែ គ្រានោះ ខេមរាកីឡា ឯណោះទេដែលជាអ្នកលើកពានលំដាប់ទី២ លើកដំបូង។ 

រយៈពេល ៣ ឆ្នាំបន្ទាប់ ក្រុមទាំងពីរបានពើបប្រទះគ្នាជាថ្មីម្ដងទៀតនៅវគ្គ ៤ ក្រុមចុងក្រោយ។ កាលខែ កុម្ភៈ ឆ្នាំ ២០១០ ក្រុម ភ្នំពេញក្រោន បានត្រឹមស្មើ ណាហ្គាវើលដ៍ ដោយលទ្ធផល ៣-៣ បន្ទាប់ពីបន្ថែមម៉ោង ១៥ នាទីពីរដង។  យ៉ាងណាក្ដី ភ្នំពេញក្រោន យកឈ្នះគ្រាប់បាល់ប៉េណាល់ទីកាត់សេចក្ដីដោយលទ្ធផល ៤-៣ នៅរដូវកាលទី៤នៃពានសម្ដេច។ ទោះជាក្រុមភ្នំពេញក្រោនឡើងវគ្គផ្ដាច់ព្រ័ត្រ ប៉ុន្តែ ជើងឯកធ្លាក់ទៅ ការពារជាតិ (បច្ចុប្បន្នកងយោធពលខេមរភូមិន្ទ) ទៅវិញ។ 

ក្នុងលទ្ធផលវគ្គ ៤ ក្រុមចុងក្រោយទាំងពីរឆ្នាំខាងលើ ទោះក្រុមមួយណាឡើងវគ្គផ្ដាច់ព្រ័ត្រ ក៏មិនដែលឈ្នះពានសម្ដេចដែរក្រោយប៉ះគ្នានៅវគ្គនេះ។ តើ ឆ្នាំ២០២០នេះទៅជាយ៉ាងណាដែរ? 

ណាហ្គាវើលដ៍ ឈ្នះពានសម្ដេចលើកដំបូងឆ្នាំ ២០១៣។ ចំណែក ភ្នំពេញក្រោន ជាក្រុមដំបូងឈ្នះពានសម្ដេចពីរលើកជាប់គ្នានៅឆ្នាំ ២០០៨ និង២០០៩។ 

ណាហ្គាវើលដ៍ ជួប ភ្នំពេញក្រោន វេលាម៉ោង ៦:០០ ល្ងាចនេះនៅពុហុកីឡដ្ឋានជាតិ។ អ្នកគាំទ្រទាំងសងខាងអាចចូលទស្សនាប្រមាណជា ៥០០០ នាក់។ សូមទាក់ទងសាកសួរទិញសំបុត្រតាមលេខទូរស័ព្ទ 070 840 561 / 017 983 311។ 

អត្ថបទ ៖ CNCC

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania