ណាហ្គាវើលដ៍ឡើងវគ្គផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន ២០២០

21 Oct 2020 20:59

810

Share :


ក្លិបបាល់ទាត់ណាហ្គាវើលដ៍បានឡើងដល់វគ្គផ្ដាច់ព្រ័ត្រការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ រដូវកាល២០២០ ក្រោយឈ្នះភ្នំពេញក្រោន ដោយបាល់១១ម៉ែត្រកាត់សេចក្ដី លទ្ធផល៣ទល់នឹង១។

ក្នុងការប្រកួតវគ្គ៤ក្រុមចុងក្រោយ គូទីមួយនៅរាត្រីថ្ងៃពុធ ទី២១ ខែតុលា នាពហុកីឡដ្ឋានជាតិ ក្រុមទាំងពីរពុំមានគ្រាប់បាល់បញ្ចូលទីគ្នាឡើយ ទោះមានការសំរុកទៅវិញទៅមកទាំងពីរវគ្គ។ ចប់ការប្រកួត៩០នាទី ក្រុមទាំងពីរស្មើគ្នា០ទល់នឹង០ ឈានទៅកាត់សេចក្ដីដោយបាល់១១ម៉ែត្រ។

គួរដឹងដែរថា ណាហ្គាវើលដ៍នឹងត្រូវរង់ក្រុមឈ្នះរវាងខេត្តព្រៃវែង និងវិសាខា ដែលក្រុមទាំងពីរត្រូវប៉ះគ្នានៅរាត្រីថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា សម្រាប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រគូទីពីរ។ 

ក្នុងការទាត់បាល់១១ម៉ែត្រកាត់សេចក្ដី គួច សុកុម្ភៈ, សុះ ស៊ូហាណា និងឡេង មករា រកគ្រាប់បាល់បញ្ចូលទីឲ្យណាហ្គាវើលដ៍បានសម្រេច ខណៈជួន ចាន់ចាវ ជាកីឡាករតែម្នាក់គត់ដែលទាត់ចូលសម្រាប់ភ្នំពេញក្រោន។ នេះជាលើកទីពីរជាប់ៗគ្នាដែលភ្នំពេញក្រោនធ្លាក់នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយបាល់១១ម៉ែត្រ ក្រោយឆ្នាំ២០១៩ ចាញ់ព្រះខ័នរាជស្វាយរៀង។ 

ចំណែកណាហ្គាវើលដ៍ឡើងវគ្គផ្ដាច់ព្រ័ត្រសាជាថ្មី ក្រោយខកខានតាំងពីឆ្នាំ២០១៧ ដែលកាលណោះពួកគេចាញ់ព្រះខ័នរាជស្វាយរៀង៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania