ពិធីប្រគល់ពានរង្វាន់មិត្តហ្វូនខេមបូឌានលីគនឹងត្រូវរៀបចំឡើងនៅល្ងាចទី ២៦ តុលា
23 Oct 2020 11:05 505

កម្មវិធីប្រគល់ពានរង្វាន់ មិត្តហ្វូនខេមបូឌានលីគឆ្នាំ២០២០ នឹងត្រូវរៀបចំឡើងនៅថ្ងៃចន្ទទី ២៦ តុលា នាពហុកីឡដ្ឋានជាតិចាប់ពីម៉ោង ៦ល្ងាចតទៅ រហូតដល់ម៉ោង ៨:០៧ នាទី ទើបចប់កម្មវិធី។ ក្រុមជើងឯករដូវកាលនេះនឹងដឹងបន្ទាប់ពីការប្រកួតនៅថ្ងៃអាទិត្យ ពេលបឹងកេតទៅសួរសុខទុក្ខភ្នំពេញក្រោន ឯ Smart RSN ខណៈដែល ក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង ទទួល ណាហ្គាវើលដ៍ នៅកីឡដ្ឋានខេត្តស្វាយរៀង ចាប់ពីវេលាម៉ោង ៦:០០ ល្ងាចដូចគ្នា។ 

បឹងកេត ត្រូវការត្រឹមស្មើ ភ្នំពេញក្រោន ប៉ុណ្ណោះ ដើម្បីលើកពានលីគកំពូលលើកទី៤ របស់ខ្លួនក្នុងប្រវត្តិសាស្ត្រ ទោះបីជា ព្រះខ័នរាជស្វាយរៀង ឈ្នះ ណាហ្គាវើលដ៍ ក៏ដោយ។ បឹងកេត កាន់ ៤០ ពិន្ទុ ស្របពេល គូប្រជែងដែលមានមូលដ្ឋាននៅខេត្តស្វាយរៀង មាន ៣៨ ពិន្ទុ។ បើសិនក្រុមទាំងពីមានពិន្ទុស្មើគ្នា នោះការកាត់សេចក្ដីត្រូវគិតលើជំនួបទាំងពីរជើងរដូវកាលនេះ (Head To Head) ដែល បឹងកេត ជាអ្នកឈ្នះក្នុងជំនួបជើងទី១។  ករណី ព្រះខ័នរាជស្វាយរៀង លើកពានមានតែមួយគត់ គឺ បឹងកេត ចាញ់ ហើយក្រុមរបស់លោក Conor Nestor ឈ្នះ ណាហ្គាវើលដ៍។ ផ្ទុយទៅវិញ បើបឹងកេត មិនចាញ់ទេ គឺ  ព្រះខ័នរាជស្វាយរៀង គ្មានឱកាសលើកពានឡើយ។ 

របៀបវារៈក្នុងការប្រគល់ពានដូចខាងក្រោម៖ 

១៨:០០ – ១៨:៤៥ (៤៥ នាទី)

• ចាក់ភ្លេងកំដរកម្មវិធី 

១៨:៤៥ – ១៩:០០ (១៥នាទី)

• ការអញ្ជើញមកដល់របស់គណៈអធិបតី 

១៩:០០ – ១៩:០៧ (៧នាទី)

• ប្រកាសបើកកម្មវិធីជាផ្លូវការ 

• ការគោរពភ្លេងជាតិ

១៩:០៧ - ១៩:១៧ (១០នាទី)

• ការសម្តែងប្រគុំស្គរជ័យដោយយុវជនល្ខោនខោលកម្ពុជា

១៩:១៧ – ១៩:២៧ (១០នាទី)

• គោរពអញ្ជើញប្រធានក្លិប

• ការសម្តែងចំណាប់អារម្មណ៍របស់ប្រធានក្លិប

១៩:២៧ – ១៩:៤២ (១៥នាទី)

• ការសម្តែងទស្សនីយភាពពិសេសរវាងក្រុម  Marching  Band  MTC 125  ជាមួយក្រុមយុវជនល្ខោនខោល កម្ពុជា

១៩:៤២  – ១៩:៤៥ (៣នាទី) 

• គោរពអញ្ជើញគណៈអធិបតីមកលើឆាក 

១៩:៤៥ – ១៩:៥០ (៥នាទី)

• ការដង្ហែស្លាកប្រាក់រង្វាន់ មេដាយ និងពានមកកាន់ឆាក

១៩:៥០ – ២០:៥០ (១៥នាទី)

• អញ្ជើញប្រធានក្លិប ក្រុមការងារ គ្រូបង្វឹក និងកីឡាករ  ម្តងម្នាក់មកកាន់ឆាកមកទទួល មេដាយ ថវិកា និងពាន 

២០:០៥ – ២០:០៧ (២នាទី)

• ប្រកាសបិទកម្មវិធី 

ការចូលរួមគាំទ្រ នឹងទស្សនាផ្ទាល់ គឺមិនមានការលក់សំបុត្រទេ (ចំនួនមានកំណត់) សម្រាប់តែបងប្អូនអ្នកគាំទ្រ ១៤០០នាក់ដំបូងតែប៉ុណ្ណោះ ។ 

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania