ព្រះខ័នរាជស្វាយរៀង ត្រូវតែឈ្នះ ណាហ្គាវើលដ៍ ដាច់ខាត ល្ងាចនេះ?

25 Oct 2020 13:04

1014

Share :


ក្រុមការពារតំណែងជើងឯក ព្រះខ័នរាជស្វាយរៀង ដាក់គោលដៅយកឈ្នះ ណាហ្គាវើលដ៍ នៅកីឡដ្ឋានខេត្តស្វាយរៀងក្នុងបំណងលើកពានមិត្តហ្វូនខេមបូឌានលីគ២០២០ បើសិនបឹងកេត ចាញ់ភ្នំពេញក្រោន ដែលប្រកួតចាប់ពីម៉ោង ៦:០០ ល្ងាចដំណាលគ្នានេះ។ ណាហ្គាវើលដ៍ អស់ឱកាសដណ្ដើមជើងឯក ប៉ុន្តែ ក្រុមនេះនៅសល់ពានសម្ដេច ហ៊ុន សែន ពេលប៉ះ វិសាខា នៅវគ្គផ្ដាច់ព្រ័ត្រ។ 

បឹងកេត មាន ៤០ ពិន្ទុតាមពីក្រោយដោយព្រះខ័នរាជស្វាយរៀង ចំនួន ២ ពិន្ទុ។ ថ្ងៃនេះ ព្រះខ័នរាជស្វាយរៀង អាចលើកពានបានមានតែមួយករណីគត់ គឺ បឹងកេត រងបរាជ័យ ហើយក្រុមរបស់លោក Conor Nestor ត្រូវតែ ឈ្នះ ណាហ្គាវើលដ៍ ជាដាច់ខាត។ ទោះបីលទ្ធផលស្មើ ហើយ បឹងកេត ចាញ់ក៏មិនអាចលើកពានរដូវកាលនេះបានដែរ ព្រោះគេគិតរូបមន្តជំនួបតទល់គ្នារវាងក្រុមទាំងពីរក្នុងពីរជើងកន្លងមក ( Head To Head )។ 

ដ្បិតចាញ់ ២-០ កាលជើងទី១ នៅទឹកដីស្ដាតចាស់ ប៉ុន្តែ ក្រុមរបស់លោក មាស ចាន់ណា ក៏ត្រូវសម្រាកកីឡាករល្អៗមួយចំនួនដើម្បីត្រៀមលេងវគ្គផ្ដាច់ព្រ័ត្រពានសម្ដេចនៅថ្ងៃទី ៧ វិច្ឆិកា។ ក្នុងប្រកួតនេះ លោក មាស ចាន់ណា មិនអាចបញ្ជាកូនក្រុមបានទេដោយសារជាប់បម្រាម ស្របពេលខ្សែប្រយុទ្ធ Privat ក៏ជាប់បម្រាមដូចគ្នា។  

កីឡាករសំខាន់៖

Marcio De Oliveira ៖ គេតារាជើងស៊ុតប្រចាំក្រុមណាហ្គាវើលដ៍ រដូវកាលនេះពោលរកបាន ១១គ្រាប់ក្នុងនោះធ្វើបានហែទ្រីកម្ដង។ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល មិនត្រឹមតែអាចរកគ្រាប់បាល់  ប៉ុន្តែអាចទាញកម្លាំង និង បញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបានយ៉ាងល្អ ផ្គួបផ្សំនឹងល្បឿនលឿនទៀតផង។ Marcio បញ្ជូនបាល់ឲ្យដៃគូស៊ុតប្រមាណ ៦ លើកដែរក្នុងការប្រកួតកន្លងមកមុនឈានដល់ប្រកួតចុងក្រោយថ្ងៃនេះ។ 

Pedro ៖ Privat ដែលរកបាន ១៦ គ្រាប់ ជាប់បម្រាម ប៉ុន្តែ ក្រុមមានមូលដ្ឋាននៅស្វាយរៀងមាន Pedro ដែលជាអ្នកបញ្ចប់ទីដ៏ល្អម្នាក់។ ដោយមានមាឌធំ កម្ពស់បាន ល្បឿនលឿន និង ពូកែស្វែងរកចន្លោះប្រហោងបញ្ចប់ទី Pedro រកបាន ១៤ គ្រាប់ដែរសម្រាប់ស្វាយរៀង ក្រោម ម៉ាត់ នូរុណ ចំនួន ១គ្រាប់។ 

ជម្រើស១១នាក់ដែលអាចលេងរបស់ក្រុមទាំងពីរ៖ 

ណាហ្គាវើលដ៍ ៖ ៤-៤-២

អ្នកចាំទី៖ សាន ឧសភា

ខ្សែការពារ ៤ ៖ ញឹម សុវណ្ណារ៉ា, Naoto, ឈន ដារ៉ា, យ៉េត ចិត្រា

ខ្សែបម្រើ ៤៖ វ៉ា ខ្វិនទីន, មួង មករា, កែវ ឧត្ដម,Yuta, 

ខ្សែប្រយុទ្ធ ២ ៖ Marcio, Booysen

ព្រះខ័នរាជស្វាយរៀង៖ ៤-៣-៣៖ 

អ្នកចាំទី៖ អាំ សុវណ្ណារ៉ាត់, 

ខ្សែការពារ៤៖ សឿយ វិសាល, Campbell, សារ៉េត គ្រីយ៉ា, សុក សំណាង, 

ខ្សែបម្រើ៣៖ Daisuke, Thiago, សួន សុវណ្ណ, Thiago 

ខ្សែប្រយុទ្ធ៣ ៖ Pedro, ហូយ ផល្លីន, ប្រាក់ មុន្នីឧត្ដម  

ជំនួប៥លើកក្នុង២រដូវកាលចុងក្រោយនៅលីគកំពូល៖

ណាហ្គាវើលដ៍ ០ - ២ ព្រះខ័នរាជស្វាយរៀង  ជើងទី១លីគ២០២០

ណាហ្គាវើលដ៍ ២-១ ព្រះខ័នរាជស្វាយរៀង  ០១ វិច្ឆិកា ២០១៩ 

ព្រះខ័នរាជស្វាយរៀង ០-០ ណាហ្គាវើលដ៍  ៣០ មិថុនា ឆ្នាំ ២០១៩ 

ណាហ្គាវើលដ៍ ០-០ ព្រះខ័នរាជស្វាយរៀង ០៤ មីនា ២០១៨ 

ព្រះខ័នរាជស្វាយរៀង ០-៤ ណាហ្គាវើលដ៍ ៣០ មិថុនា ២០១៨ 

លទ្ធផល៣លើកចុងក្រោយរបស់ក្រុមទាំងពីរនៅ Top 6៖

ព្រះខ័នរាជស្វាយរៀង ៖

កងយោធពលខេមរភូមិន្ទ ២-៥ ព្រះខ័នរាជស្វាយរៀង (Top 6)

បឹងកេត ១-១ ព្រះខ័នរាជស្វាយរៀង (Top 6)

វិសាខា ០-២ ព្រះខ័នរាជស្វាយរៀង (Top 6)

ណាហ្គាវើលដ៍៖

ណាហ្គាវើលដ៍ ១-១ បឹងកេត (Top 6)

វិសាខា ២-២ ណាហ្គាវើលដ៍ (Top 6)

ភ្នំពេញក្រោន ០-១ ណាហ្គាវើលដ៍ (Top 6)

តើ ព្រះខ័នរាជស្វាយរៀង ធ្វើបានល្អកម្រិតណា? 

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania