លម្អិតរឿង ហ៊ុល គីមហ៊ុយ ជាប់ជាអ្នកចាំទីល្អជាងគេប្រចាំលីគកំពូលកម្ពុជា២០២០

28 Oct 2020 08:29

1743

Share :


ហ៊ុល គីមហ៊ុយ ដែលបច្ចុប្បន្ននេះមានវ័យត្រឹម ២០ឆ្នាំនិង៦ខែត្រូវបានជ្រើសរើសជាអ្នកចាំទីល្អជាងគេប្រចាំពានរង្វាន់ Metfone Cambodian League 2020 បន្ទាប់ពីត្រូវបានប្រកាសក្នុងពិធីប្រគល់ពានរង្វាន់កាលល្ងាចថ្ងៃចន្ទ ទី២៦ ខែតុលា​ ឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិដ៏មហោឡារិក។ 

ការជ្រើសរើសជាអ្នកចាំទីល្អជាងគេនេះក្រោយពី គីហ៊ុយ ជួយឲ្យបឹងកេតលើកពានលីគកំពូល និង រួមចំណែកឲ្យក្រុមមានកំណត់ត្រាប្រកួតមិនដែលចាញ់ក្នុងមួយរដូវកាលពេញហើយក្លាយជាក្រុមដំបូងគេប្រកួតមិនដែលចាញ់សោះក្នុងរយៈ ១២ ឆ្នាំចុងក្រោយនេះ។ បឹងកេត ឈ្នះ ១២ដង និង ស្មើ ៥ដង។ បើមើលលើកំណត់ត្រាផ្ទាល់ខ្លួនរដូវកាលនេះ អតីតអ្នកចាំទីរបស់យុវជនបាទី មិនរបូតគ្រាប់បាល់ចំនួន៤លើក (Clean Sheet) ពេលឈ្នះ វិសាខា ១-០ ,ឈ្នះ សូលទីឡូអង្គរ ៣-០ , ឈ្នះ នគរបាលជាតិ ៣-០, និង កងយោធពលខេមរភូមិន្ទ ៣-០ (ជើងទី២)។ 

ហ៊ុល គីមហ៊ុយ បានផ្លាស់ទៅលេងនៅបឹងកេត កាលចុងឆ្នាំ២០១៨ និងហ្វឹកហាត់ត្រៀមបើករដូវកាលថ្មី។ កាលឆ្នាំ២០១៩ ហ៊ុល គីមហ៊ុយ បានរួមចំណែកជួយឲ្យបឹងកេត ឈ្នះពានសម្ដេច ហ៊ុន សែន និង ជាប់ជាអ្នកចាំទីល្អជាងគេក្នុងពានរង្វាន់លំដាប់ទី២នេះ។ នោះជាជោគជ័យធំធេងក្នុងការបង្ហាញខ្លួនរដូវកាលដំបូង មុនពេលឈ្នះពានលីគកំពូលរដូវកាលទី២របស់គេ។ 

រដូវកាលនេះគឺជាការលើកពានលីគកំពូលលើកទី ៤ របស់បឹងកេត (២០១២ ២០១៦ ២០១៧ ២០២០) ប៉ុន្តែជាការឈ្នះពានធំៗចំនួនពីររបស់ គីមហ៊ុយ នៅបឹងកេត រយៈពេល ពីរឆ្នាំជាប់គ្នាគឺ (ឆ្នាំ២០១៩ ឈ្នះពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៣ និង ពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ ឆ្នាំ២០២០ នៅរដូវកាលនេះ)។

អត្ថបទ៖CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania