រឿងពិសេសរបស់ ម៉ាត់ នូរុណ ដែលឈ្នះពានកីឡាករល្អជាងគេរដូវកាលនេះ

28 Oct 2020 12:09

1226

Share :


ម៉ាត់ នូរុណ ត្រូវបានជ្រើសជាកីឡាករល្អជាងគេ ឬ កីឡាករល្អបំផុតប្រចាំ Metfone Cambodian League ឆ្នាំ ២០២០ ក្នុងពិធីប្រគល់ពានរង្វាន់កាលថ្ងៃចន្ទដើមសប្ដាហ៍នេះ។ 

នូរុណ ចូលលេងឲ្យក្រុមជើងឯកបឹងកេតគ្រប់ការប្រកួតលើកលែងតែពេលឈ្នះ សូលទីឡូអង្គរតែម្ដងគត់រដូវកាលនេះ។ គេជាចំណែកធ្វើឲ្យបឹងកេត មិនចាញ់សោះ ពោលឈ្នះ ១២ ដង និង ស្មើ ៥ ដង (មិនចាញ់ ១៧ប្រកួត) នារដូវកាលនេះ។ ការមិនចាញ់ ១៧ ប្រកួតនាំឲ្យបំបែកកំណត់ត្រារបស់ណាហ្គាខប (ណាហ្គាវើលដ៍) ដែលមិនចាញ់សោះ ១៤ ប្រកួតកាលឆ្នាំ២០០៧។ 

រឿងពិសេសផ្សេងទៀត ខ្សែប្រយុទ្ធវ័យ ២២ ឆ្នាំរូបនេះទាត់ចូល៨លើកជាប់គ្នា ដែលមិនមានខ្សែប្រយុទ្ធណាធ្វើបានដូចគេក្នុងប្រវត្តិបាល់ទាត់លីគកំពូលកម្ពុជា។ ប៉ុន្តែបើបូកទាំងការប្រកួតពានសម្ដេចទៀត គេទាត់ចូលរហូតដល់ ១១ លើកជាប់គ្នាឯណោះរដូវកាលនេះ។ 

កំណត់ត្រាទាត់បាល់បញ្ចូលទី១៥ គ្រាប់ និង បញ្ជូនបាល់ឲ្យដៃគូទាត់បាល់បញ្ចូលទី ៦ ដង៖

vs អាស៊ីអឺរ៉ុប ១ គ្រាប់

vs អង្គរថាយហ្គឺរ ១ គ្រាប់ (ពិន័យ១១ ម៉ែត្រ)

vs យុវជនបាទី ៣ គ្រាប់ 

vs អគ្គិសនីកម្ពុជា ៣ គ្រាប់ (ពិន័យ១១ម៉ែត្រ២គ្រាប់)

vs ភ្នំពេញក្រោន ២ គ្រាប់

vs កងយោធពលខេមរភូមិន្ទ ១ គ្រាប់

vs ព្រះខ័រាជស្វាយរៀង ២ គ្រាប់

vs វិសាខា ២ គ្រាប់ ជើងទី២ 

លើសពីនេះទៅទៀត អតីតខ្សែប្រយុទ្ធអគ្គិសនីកម្ពុជា បញ្ជូនបាល់ឲ្យមិត្តរួមក្រុមទាត់បាល់បញ្ចូលទីរហូតដល់ ៨ ដងរដូវកាលនេះ។ 

នូរុណ ជាអតីតយុវជនភ្នំពេញក្រោន មុនសម្រាកមួយរយៈ និង ចូលលេងវិញនៅក្រុមអាណាចក្របៃតង (លេងពានស្ម័គ្រចិត្ត) មុនពេលចំណាយពេលនៅអគ្គិសនី ពីររដូវកាល។ ក្រោយមកទៀត គេផ្លាស់មកបឹងកេតរដូវកាល ២០១៩ ប៉ុន្តែ សម្រាកព្យាបាលរបួសសឹងមួយរដូវកាលពេញនៅឆ្នាំដដែលនេះ រហូតដល់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានសម្ដេច ទើបរួបគេអាចលេងវិញបាន។ ឆ្នាំ ២០១៩ គេរួមចំណែកឲ្យបឹងកេត ឈ្នះពានសម្ដេច ហ៊ុន សែន លើកដំបូង ហើយឆ្នាំនេះជួយក្រុមឈ្នះពានលីគកំពូលជាលើកទី៤ របស់ក្លិប៕

អត្ថបទ៖ CNCC

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania