ឃឹម បូរី ប្ដេជ្ញាលើកពានសម្ដេចតេជោ ហ៊ុន សែន ម្ដងទៀត ក្រោយធ្វើបាននៅទ័ព១០ឆ្នាំមុន

28 Oct 2020 16:14

964

Share :


កីឡាករជើងចាស់ ឃឹម បូរី អះអាងថា សមាជិកក្លិបណាហ្គាវើលដ៍គ្រប់រូបបានត្រៀមយ៉ាងល្អ និងប្ដេជ្ញាខ្ពស់សម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ តទល់វិសាខា នៅថ្ងៃសៅរ៍ ទី០៧ ខែវិច្ឆិកា ខាងមុខ។ 

បូរី លើកឡើងបែបនេះ “៖ខ្ញុំក៏ដូចមិត្តរួមក្រុមពិតត្រៀមខ្លួនបានយ៉ាងល្អ និងការតាំងចិត្តខ្ពស់បំផុតសម្រាប់ការប្រកួតនេះ ប៉ុន្តែអ្វីៗនៅលើទីលានថាតើពួកយើងធ្វើបានល្អកម្រិតណា តែខ្ញុំជឿជាក់លើពួកគាត់ថានិងអាចធ្វើបាន។” 

អ្វីដែលសំខាន់មួយទៀតនោះ អតីតខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជា ឃឹម បូរី ពិតជាចង់ឈ្នះពានរង្វាន់ថ្នាក់ដឹកនាំកំពូលខាងលើជាលើកទីពីរ ក្រោយក្រសោបបានតំណែងជើងឯកម្ដងជាមួយក្លិបក្រសួងការពារជាតិ (បច្ចុប្បន្នសមាគមកីឡាបាល់ទាត់ ខ.ភ.ម) កាល១០ឆ្នាំមុន។  

កាលណោះ បូរី ព្រមទាំងមិត្តរួមក្រុមនៅណាហ្គាវើលដ៍បច្ចុប្បន្ន គឺសំរិត សីហា និងស៊ូ យ៉ាទី បានរួមចំណែកជួយក្រសួងការពារជាតិលើកពានសម្ដេចតេជោ ហ៊ុន សែន ដោយយកឈ្នះភ្នំពេញក្រោន ៣ទល់នឹង២នៅពហុកីឡដ្ឋានជាតិ។ 

សម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រឆ្នាំ២០២០នេះក៏ធ្វើឡើងនៅពហុកីឡដ្ឋានជាតិដូចគ្នា។ មុនឡើងមកកាន់វគ្គរកម្ចាស់ជើងឯក ណាហ្គាវើលដ៍ បានទម្លាក់ភ្នំពេញក្រោន ដោយបាល់កាត់សេចក្ដី១១ម៉ែត្រ ខណៈវិសាខា ឈ្នះព្រៃវែង ដោយប៉េណាល់ទីដូចគ្នា។ ភ្នំពេញក្រោន និងព្រៃវែងក៏ត្រូវប្រកួតយកចំណាត់ថ្នាក់លេខ៣ផងដែរ៕ 

អត្ថបទ៖ CNCC  

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania