ឆ្នាំល្អបំផុត របស់លោក គីម ភក្ដី ក្នុងនាមគ្រូបង្វឹក

29 Oct 2020 12:52

979

Share :


បន្ទាប់ពីលោក Apisit Im Amphai ចាកចេញដោយហេតុផលផ្ទាល់ខ្លួនត្រឹមសប្ដាហ៍ទី៥ លោក គីម ភក្ដី ដែលជានាយកបច្ចេកទេសបានចូលខ្លួនមកដឹកនាំ បឹងកេត ក្នុងនាមជាគ្រូបង្វឹកបណ្ដោះអាសន្ន ហើយ បានជោគជ័យ នាំឲ្យក្លិបឈ្នះ ពានមិត្តហ្វូនខេមបូឌានលីគ ២០២០ និង ជាពានលើកទី៤របស់ក្លិប។ រឿងកាន់តែអស្ចារ្យ លោកបានបន្តដឹកនាំក្រុមមិនចាញ់ទាល់តែសោះក្នុងមួយរដូវកាលរហូតដល់លើកពានទៀតផង។ 

ក្នុងពិធីប្រគល់ពានរង្វាន់លីគកំពូលកាលថ្ងៃចន្ទនៅពហុកីឡដ្ឋានជាតិ លោកត្រូវបានជ្រើសរើសជាគ្រូបង្វឹកល្អជាងគេប្រចាំឆ្នាំ។ 
បឹងកេត បំបែកកំណត់ត្រារបស់ខ្លួនលើកដំបូងដែលមិនចាញ់ក្នុងមួយរដូវកាលចំនួនប្រកួតតាំងពីឡើងមកលីគកំពូលឆ្នាំ២០១២ និង បំបែកកំណត់ត្រារបស់ណាហ្គាវើលដ៍ដែលមិនចាញ់សោះមួយរដូវកាលឆ្នាំ២០០៧ (១៤ប្រកួត)។  

បឹងកេត មិនចាញ់សោះក្នុង ១៧ លើកឆ្នាំនេះពោល ឈ្នះ ១២ ដង និង ស្មើ ៥ ដង។ ក្នុងចំណោមការប្រកួតលីគ ១៧ លើក អតីតគ្រូបង្វឹកឆ្លាមសមុទ្រចូលដឹកនាំបាន ១៣ លើកចុងក្រោយដែលនៅសេសសល់។  លោកដឹកនាំមិនចាញ់សោះក្នុង ១៣ ប្រកួតចុងក្រោយនេះក្នុងនោះស៊ុតបញ្ចូលគូប្រកួតចំនួន ៤១ គ្រាប់ និង របូតបាល់ត្រឹម ១៤ គ្រាប់ប៉ុណ្ណោះ។ 


មិនត្រឹមតែដឹកនាំក្រុមមិនដែល លោក ភក្ដី បានឈ្នះពានគ្រូបង្វឹកល្អចំនួនពីរដងជាប់គ្នានៅខែ កក្កដា និង សីហា។ នេះជាសមិទ្ធផលខ្ពស់បំផុតរបស់លោក ដែលមិនធ្លាប់មានពីមុនមក។ 

លោក គីម ភក្ដី ចូលមកបឹងកេត ក្នុងនាមជានាយកបច្ចេកទេសរដូវកាល២០១៩ បន្ទាប់ពីចាកចេញពីសាលាបាល់ទាត់បាទី និងបានមើលឃើញបឹងកេតលើកពានសម្ដេច ហ៊ុន សែន លើកដំបូងក្នុងនាមជាថ្នាក់ដឹកនាំនៅពីក្រោយខ្នង។ រហូតដល់ពេលនេះ គេមិនទាន់ដឹងថាលោកបន្តដឹកនាំនៅឆ្នាំ ២០២១ ទៀតឬយ៉ាងណាឡើយ។ ប៉ុន្តែ ទោះលោកមិនបន្តដឹកនាំទៀត ក៏បុរសវ័យ ៣៩ ឆ្នាំរូបនេះបន្តគាំទ្រភាពរីកចម្រើនរបស់ បឹងកេត និង ធ្វើកិច្ចការងារពីក្រោយជាច្រើនដើម្បីនាំឲ្យក្លិបទទួលភាពលេចធ្លោជាបន្តបន្ទាប់៕ 

អត្ថបទ៖ CNCC

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania