ម៉ន កក្កដា តាំងចិត្តធ្វើរឿងមួយឲ្យបានពេលជាពីររបួសកជើង

30 Oct 2020 11:40

723

Share :


ខ្សែបម្រើអាស៊ីអឺរ៉ុបយូណាយធីត ម៉ន កក្កដា អះអាងថា នឹងព្យាយាមពង្រឹងសមត្ថភាពឡើងវិញដើម្បីមានឱកាសជាប់ជម្រើសជាតិកម្ពុជា នៅពេលរបួសកជើងរបស់គេបានធូរស្បើយ និងអាចវិលចូលទីលានប្រកួតជាថ្មីនៅជុំទីពីររដូវកាល២០២១ខាងមុខ។ 

ឱកាសពាក់អាវតំណាងជាតិលើឆាកអន្តរជាតិ គឺជាក្ដីស្រមៃរបស់កីឡាករបាល់ទាត់នីមួយៗ។ នេះជាការសង្កត់ធ្ងន់របស់កក្កដា ដែលបានប្ដេជ្ញាថានឹងធ្វើឲ្យបានពេលសះស្បើយពីបញ្ហារបួស។

អតីតសមាជិកយុវជនព្រះខ័នរាជស្វាយរៀងលម្អិតបែបនេះ “៖បាល់ទាត់សម្រាប់ខ្ញុំសំខាន់ណាស់ បើអត់បាល់ទាត់ពិតជាពិបាក។ បើនិយាយពីបាល់ទាត់វិញ គ្មាននរណាមិនចង់ជាប់ជម្រើសជាតិទេ។ សំខាន់យើងតាំងចិត្តហើយ យើងធ្វើអត់។ តែសម្រាប់ខ្ញុំ មួយជីវិតនេះត្រូវតែធ្វើឲ្យបាន បើធ្វើមិនបាន គឺខ្ញុំមិនអស់ចិត្តទេ ព្រោះជាកីឡាករបាល់ទាត់ម្នាក់ដែរ។”

គួររំឭកថា ម៉ន កក្កដា បានរងរបួសបាក់ឆ្អឹងកជើងពីការប្រកួតជើងទីមួយ វគ្គ១៦ក្រុម ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ តទល់ភ្នំពេញក្រោន កាលដើមខែសីហា កន្លងទៅ។ ជាលើកដំបូងហើយដែលកីឡាករមានកំណើតនៅខេត្តកំពង់ស្ពឺមានបញ្ហារបួសខ្លាំងបែបនេះ។
កក្កដា ប្រាប់ថា បច្ចុប្បន្នមានស្ថានភាពធូរស្រាលច្រើនហើយ តែនៅប្រើប្រដាប់ច្រត់ជំនួយខ្លះៗ។ ទោះមានបញ្ហារបួស គេនៅតែបន្តទៅមើលសមាជិកក្នុងក្រុមហ្វឹកហាត់ដល់ទីលាន និងជួយការងារបកប្រែដល់គ្រូបង្គោល សុក វាសនា ថែមទៀតផង។

ម៉ន កក្កដា បានចូលរួមជាមួយអាស៊ីអឺរ៉ុបយូណាយធីតពីក្រុម U18 ព្រះខ័នរាជស្វាយរៀងលើលក្ខខណ្ឌខ្ចីនៅឆ្នាំ២០១៧ មុនផ្ទេរផ្ដាច់នៅឆ្នាំ២០១៨។ គេក៏ធ្លាប់ជាប់បញ្ជីបឋមជម្រើសជាតិកម្ពុជា U19 អំឡុងឆ្នាំ២០១៧ដែរ៕
អត្តបទ: CNCC

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania