ពេជ្រ សុវណ្ណខេមរិន្ទ្រ សម្រាកមួយរយៈសិនមុនគិតពីទ្រនំថ្មី

30 Oct 2020 12:06

1407

Share :


ក្រោយចប់កិច្ចសន្យានៅអង្គរថាយហ្គឺរបន្ទាប់ពីដាច់រដូវកាល២០២០នៃក្របខណ្ឌ Metfone Cambodian League ខ្សែប្រយុទ្ធ ពេជ្រ សុវណ្ណខេមរិន្ទ ប្រាប់ថា មិនទាន់គិតគូរពីការជ្រើសរើសទ្រនំថ្មីនៅឡើយទេ ព្រោះចង់ពង្រឹងកាយសម្បទាប្រសើរថែមទៀតសិន។ 

កីឡាករមានកំណើតនៅខេត្តសៀមរាបសង្កត់ធ្ងន់ថា បច្ចុប្បន្នរបួសជង្គង់របស់គេបានប្រសើរ៩០ភាគរយហើយ ដូច្នេះគេត្រូវផ្ដោតខ្លាំងបន្ថែមទៀតដើម្បីសះស្បើយទាំងស្រុងតែម្ដង ទើបអាចសម្រេចពីអនាគតបន្តទៀត។

ខេមរិន្ទ្របញ្ជាក់បែបនេះ “៖ខ្ញុំមិនទាន់សម្រេចចិត្តទេ ព្រោះចង់ទុកពេលពង្រឹងកាយសម្បទាសិន។ តាមពិតទៅរបួសជង្គង់ខ្ញុំប្រសើរ៩០ភាគរយហើយ តែសាច់ដុំមិនទាន់រឹងមាំ អ៊ីចឹងខ្ញុំចង់ហ្វឹកហាត់ឲ្យវាជាដាច់សិន ណាមួយចប់រដូវកាលអ៊ីចឹងនៅសល់ពេលច្រើន។ ប្រហែលមិនយូរទៀតទេ ដើមឆ្នាំក្រោយអីហ្នឹង។”

កីឡាករធ្លាប់ជាប់ជម្រើសជាតិក្រុមធំកម្ពុជានៅឆ្នាំ២០១៧ជំនាន់អតីតគ្រូបង្គោល Leonardo Vitorino បង្ហើបថា មានក្លិបមួយនៅភ្នំពេញទាក់ទងដែរ តែមិនទាន់អាចបញ្ជាក់នៅឡើយទេ។ គេថា ក៏ចង់ទៅបោះទីតាំងនៅរាជធានីសាជាថ្មីដែរ ក្រោយធ្លាប់ស្នាក់នៅទីនោះជាមួយអង្គរថាយហ្គឺរពេលមិនទាន់ទៅធ្វើទឹកដីនៅសៀមរាប។

គួរដឹងដែរថា ពេជ្រ សុវណ្ណខេមរិន្ទ្រ បានរងរបួសជង្គង់ជាងមួយឆ្នាំមកហើយ តែបានវិលចូលទីលានប្រកួតបានតិចតួចដែរសម្រាប់អង្គរថាយហ្គឺរមួយរយៈចុងក្រោយនៅរដូវកាល២០២០។ គេបានចូលរួមជាមួយក្រុមដែលមានម្ចាស់ជាជនជាតិជប៉ុននេះនៅរដូវកាល២០១៧៕
អត្តបទ:CNCC

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania