ហេង គីមហុង ប្ដេជ្ញាពង្រឹងកាយសម្បទាបន្ថែមដើម្បីឱកាសលេងកាន់តែច្រើន

02 Nov 2020 18:28

661

Share :


ដោយសាររំខានពីបញ្ហារបួសកជើងនៅរដូវកាលមុន ហេង គីមហុង មិនសូវបានបង្ហាញខ្លួនច្រើនឡើយសម្រាប់អគ្គិសនីកម្ពុជា ដូច្នេះហើយទើបខ្សែការពារវ័យក្មេងរូបនេះតាំងចិត្តពង្រឹងកាយសម្បទាឲ្យប្រសើរថែមទៀតដើម្បីឱកាសលេងច្រើនជាងមុន។

កីឡាករដុះដាលចេញពីថ្នាលព្រះខ័នរាជស្វាយរៀងរំឭកថា បានចូលលេងប៉ុន្មានប្រកួតជាប់ៗគ្នានៅដើមរដូវកាលដែរ តែដោយសាររបួសអំឡុងការហ្វឹកហាត់នៅដើមខែមីនា ឆ្នាំ២០២០ ក៏ធ្វើឲ្យគេអាក់ខានរហូតដល់ចុងរដូវកាល។

គីមហុង បន្ថែមបែបនេះ “៖ពេលមកអគ្គិសនីដំបូងៗចាប់ផ្ដើមរលូនដែរ មួយទៅពីរខែ តែដើមខែ៣ ខ្ញុំមានបញ្ហារបួសកជើងអំឡុងហ្វឹកហាត់ដែលអូសបន្លាយច្រើនខេ ដល់ចុងរដូវកាលទើបអាចលេងបានខ្លះៗវិញ។ ពេលចប់រដូវកាលហ្នឹង ខ្ញុំព្យាបាលរបួសឲ្យជា១០០ភាគរយ និងប្រឹងប្រែងប្រកួតប្រជែងក្នុងក្រុមសាជាថ្មី។”

អតីតកីឡាករក្រុមជម្រើសជាតិយុវជនអាយុក្រោម១៤ឆ្នាំដដែលបញ្ជាក់ថា ការឈានជើងមកអគ្គិសនីកម្ពុជាទទួលបានបទពិសោធល្អៗច្រើនដែរ ពីការប៉ះក្រុមធំៗ ព្រោះក្លិបនេះផ្ដោតប្រើតែកូនក្រុមខ្មែរសុទ្ធ។ 

គួរដឹងដែរថា ហេង គីមហុង ចូលហ្វឹកហាត់បាល់ទាត់ដំបូងនៅឆ្នាំ២០១២ក្នុងក្រុមព្រះខ័នរាជស្វាយរៀង និងជាប់ក្រុម U14 ជម្រើសជាតិឆ្នាំដដែលនោះ។ ៥ឆ្នាំក្រោយមក ពោលនៅឆ្នាំ២០១៧ គេក៏ត្រូវបានអតីតគ្រូបង្គោល សំ វ៉ាន់ដេត ដំឡើងទៅក្រុមធំព្រះខ័នរាជស្វាយរៀង។ 


ក្រោយដាច់រដូវកាល២០១៩ ខ្សែការពារមានកំណើតនៅក្រុងភ្នំពេញក៏បានចូលរួមជាមួយអគ្គិសនីកម្ពុជា៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania