រឿងរ៉ាវដោះដូរនៅ MCL ប្រចាំថ្ងៃព្រហស្បតិ៍ ទី០៥ វិច្ឆិកា នេះ

05 Nov 2020 15:27

3070

Share :


នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែវិច្ឆិកា ក្លិបបាល់ទាត់សូលទីឡូអង្គរបានប្រកាសតែងតាំងលោក Darren Pomroy ជាគ្រូបង្គោលសាជាថ្មីសម្រាប់រដូវកាល២០២១នៃក្របខណ្ឌ Metfone Cambodian League និងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ 

បុរសជនជាតិដែលមករស់នៅកម្ពុជាច្រើនឆ្នាំមកហើយនោះ ធ្លាប់ដឹកនាំក្រុមមានមូលដ្ឋាននៅខេត្តសៀមរាប ក្នុងឆ្នាំ២០១៩ម្ដងហើយ តែបានចាកចេញវិញក្រោយដាច់រដូវកាលដដែលនោះ។

នៅថ្ងៃទី០៥ វិច្ឆិកា ដដែលនេះ សូលទីឡូអង្គរក៏បញ្ជាក់ពីការបន្តកិច្ចសន្យាជាមួយខ្សែបម្រើជនជាតិជប៉ុន Unno Tomoyoki។ កីឡាករវ័យ២៨ឆ្នាំបានចូលរួមជាមួយសូលទីឡូនៅរដូវកាល២០១៨ពេលក្លិបនេះទើបឡើងមកកាន់ក្របខណ្ឌកំពូលដំបូង។

មុនមកដល់កម្ពុជា គេក៏ធ្លាប់លេងឲ្យក្លិបមួយចំនួនដូចជា Yasothon FC, Thai Honda, Phangnga FC, និងPhayao FC នៅប្រទេសថៃ។ ចំណែកព្រះខ័នរាជស្វាយរៀងឯណោះបានបន្ថែមអ្នកចាំទីម្នាក់ទៀត គឺ យូ អាឡិចហ្សង់ ដែលធ្លាប់ជាសមាជិកភ្នំពេញក្រោន និងបឹងកេតពីឆ្នាំ២០១៨ដល់២០១៩។

កីឡាករវ័យ២៦ឆ្នាំខាងលើបានផ្អាកពីបាល់ទាត់មួយរដូវកាល ពោលនៅឆ្នាំ២០២០នេះ ដោយវិលទៅរស់នៅប្រទេសបារាំងវិញ។ គេបានត្រលប់មកកម្ពុជាកាលចុងខែតុលាកន្លងទៅ និងបានចុះហត្ថលេខាជាមួយក្រុមរងជើងឯក Metfone Cambodian League 2020 តែម្ដងលើកិច្ចសន្យាពីរឆ្នាំ។

ដោយឡែក ខ្សែបម្រើប្រយុទ្ធ Paulo Victor បានប្រកាសលើទំព័រ Facebook ផ្ទាល់ខ្លួនពីការចាកចេញពីភ្នំពេញក្រោន។ កីឡាករជនជាតិប្រេស៊ីលបានចូលរួមជាមួយក្រុមជើងឯក MCL ៦សម័យនៅរដូវកាល២០១៩ បន្ទាប់ពីការមកដល់របស់អតីតគ្រូបង្គោល Leonardo Vitorino។ 

នៅរដូវកាល២០២០ គេរួមចំណែកជួយភ្នំពេញក្រោនបញ្ចប់នៅចំណាត់ថ្នាក់លេខ៣ក្របខណ្ឌ Metfone Cambodian League៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania