តំណាងក្លិបទាំង៤ បង្ហាញការត្រៀមខ្លួនសម្រាប់វគ្គផ្ដាច់ព្រ័ត្រ ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

06 Nov 2020 17:17

825

Share :


ការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ រដូវកាល២០២០ ឈានចូលដល់វគ្គផ្ដាច់ព្រ័ត្រដណ្ដើមចំណាត់ថ្នាក់លេខ៣ និងជើងឯក នៅថ្ងៃសៅរ៍ ទី០៧ ខែវិច្ឆិកា នេះហើយដែលនឹងប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិ។

សម្រាប់គូដណ្ដើមចំណាត់ថ្នាក់លេខ៣រវាងភ្នំពេញក្រោន និងខេត្តព្រៃវែងនឹងប្រព្រឹត្តទៅនៅវេលាម៉ោង៣រសៀល ខណៈណាហ្គាវើលដ៍ ប៉ះ វិសាខាប្រជែងជើងឯកនៅម៉ោង៦ល្ងាច។ 

លោក កែវ សុខង៉ន អ្នកចាត់ការក្រុមភ្នំពេញក្រោនតំណាងគ្រូបង្គោល ស៊ុំ វណ្ណា ដែលអវត្តមានដោយសារជាប់បម្រាមបានអះអាងពីការត្រៀមខ្លួនយ៉ាងល្អសម្រាប់ការប្រកួតចំណាត់ថ្នាក់លេខ៣។ លោកថា ទោះព្រៃវែងពេញប្រៀបដោយយុវជន ក្រុមលោកមិនអាចមើលស្រាលបានឡើយ និងមានការតាំងចិត្តខ្ពស់ប្រកបដោយទំនុកចិត្ត។ 

ពាក់ព័ន្ធទៅនឹងការប្រកួតយកចំណាត់ថ្នាក់លេខ៣នេះដែរ អ្នកចាត់ការដែលជាអតីតខ្សែប្រយុទ្ធភ្នំពេញក្រោនដដែលសង្កត់ធ្ងន់ថា ពិតជាល្អ ព្រោះអាចឲ្យកីឡាករមានការប្រកួតច្រើន និងបញ្ចេញសមត្ថភាពពិតប្រាកដ ប្រសើរជាងការយកលេខ៣ស្ទួនដោយស្វ័យប្រវត្តិ។  
លោក កែវ សុខង៉ន បង្ហើបថា កីឡាកររបួសមួយចំនួនដូចជា អ៊ន ចាន់ប៉ូលីន, យ៉ើ មូស្លីម ជាដើមនៅតែបន្តអវត្តមាន។ ចំណែកលោក លុច សុភា គ្រូបង្គោលក្រុមជម្រើសខេត្តព្រៃវែង លើកឡើងថា ការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣នេះពិតជាសំខាន់ ក្រោយការខកខានឱកាសឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រយកតំណែងជើងឯក។ លោកបន្ថែមថា សប្បាយចិត្តដែលបានប៉ះក្រុមសម្បូរបទពិសោធដូចភ្នំពេញក្រោន។ 

ងាកទៅកាន់លោក មាស ចាន់ណា គ្រូបង្គោលក្លិបណាហ្គាវើលដ៍បានបង្ហាញអារម្មណ៍រីករាយក្នុងការឡើងមកកាន់វគ្គផ្ដាច់ព្រ័ត្រ ហើយរំពឹងថា នឹងធ្វើឲ្យអ្នកចូលរួមទស្សនាដោយភាពរំភើប និងស្វិតស្វាញដើម្បីបង្ហាញពីភាពរីកចម្រើននៃបាល់ទាត់ជាតិ។ លោក មាស ចាន់ណា ឲ្យដឹងថា មួយសប្ដាហ៍ចុងក្រោយនេះ កីឡាករគ្រប់រូបបានចូលមកហ្វឹកហាត់ជុំគ្នាយ៉ាងល្អ ក្រោយសមាជិកមួយចំនួនមានជំងឺភ្នែកនៅខ្ទង់១០ថ្ងៃមុន។

ជាចុងក្រោយ លោក Colum Curtis គ្រូបង្គោលក្លិបវិសាខា ពិតជារីករាយដែលបានឡើងមកកាន់វគ្គចុងក្រោយយកតំណែងជើងឯកនេះ។ លោកថា កាលវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រុមរបស់លោកមានឱកាសច្រើន តែរកបានត្រឹមមួយគ្រាប់។ ដូច្នេះសមាជិកគ្រប់រូបនឹងព្យាយាមកាន់តែល្អជាងមុន ឲ្យសមនាមជាក្រុមដែលឡើងមកវគ្គផ្ដាច់ព្រ័ត្រ។ គ្រូបង្វឹកកាន់ UEFA A-License រូបនេះអះអាងថា តំណែងជើងឯកពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ពិតជាសំខាន់ជាពិសេសកៅអី AFC Cup រដូវកាល២០២១ខាងមុខ។

គួរដឹងដែរថា នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ណាហ្គាវើលដ៍បានទម្លាក់ភ្នំពេញក្រោនដោយបាល់កាត់សេចក្ដី១១ម៉ែត្រក្រោយស្មើគ្នា០ទល់នឹង០នៅម៉ោងធម្មតា ហើយវិសាខាក៏បានឈ្នះព្រៃវែងដោយបាល់ប៉េណាល់ទីបែបនេះដូចគ្នា បន្ទាប់ពីស្មើគ្នា១ទល់នឹង១៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania