ណាហ្គាវើលដ៍ ឈ្នះពានលើកទី២ ឬ វិសាខា ឈ្នះលើកដំបូង?

07 Nov 2020 12:54

677

Share :


ក្រុមជើងឯកពានសម្ដេចមួយសម័យកាល ណាហ្គាវើលដ៍ ត្រូវប៉ះក្រុមវិសាខា ដែលជាក្រុមទើបឡើងវគ្គផ្ដាច់ព្រ័ត្រលើកដំបូងឆ្នាំនេះចាប់ពីវេលាម៉ោង ៦:០០ ល្ងាចតទៅនៅថ្ងៃទី៧ វិច្ឆិកា ឯពហុកីឡដ្ឋានជាតិ។ ចំណែកក្រុម ភ្នំពេញក្រោន ត្រូវជួប ព្រៃវែង ចាប់ពីវេលាម៉ោង ៣:៣០ តទៅ នៅថ្ងៃ និង ទីកន្លែងដដែល។  តើជើងឯកឆ្នាំ២០២០ នេះបានទៅលើក្រុមណា? 

សម្រង់សម្ដីគ្រូបង្វឹក៖

លោក មាស ចាន់ណា គ្រូបង្គោល ណាហ្គាវើលដ៍ ៖ ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះនឹងធ្វើឲ្យអ្នកគាំទ្រដែលចូលទស្សនាផ្ទាល់រំភើបខ្លាំង និង ស្វិតស្វាញបំផុតដើម្បីបង្ហាញអំពីភាពរីកចម្រើននៃបាល់ទាត់ជាតិ។ លោកបន្តថាទោះសមាជិកមួយចំនួនមានបញ្ហាភ្នែក ប៉ុន្តែ ឥឡូវបានហ្វឹកហាត់ជុំគ្នាដើម្បីត្រៀមខ្លួនប៉ះវិសាខា រួចជាស្រេចទៅហើយ។ 

លោក Colum Curtis គ្រូបង្គោល វិសាខា៖ លោកសប្បាយចិត្តដែលនាំក្រុមឡើងដល់វគ្គផ្ដាច់ព្រ័ត្រដើម្បីដណ្ដើមជើងឯក។ ក្រុមរបស់លោកនឹងខិតខំធ្វើយ៉ាងណាឲ្យល្អប្រសើរជាងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ពានរង្វាន់នេះពិតជាសំខាន់ណាស់ និង អាចឆក់ឱកាសទៅលេង AFC Cup 2021 វគ្គ Play-off ទៀតផង។ 

កីឡាករសំខាន់៖ 

កែវ សុខផេង ៖ ដ្បិតទើបចូលរោងជ័យកាលថ្ងៃទី ១ វិច្ឆិកា កន្លងទៅ ប៉ុន្តែ មិនយូរប៉ុន្មាន សុខផេង បានមកហ្វឹកហាត់ជាមួយក្រុមជាធម្មតា។ គេរកបានពីរគ្រាប់ និងជួយឲ្យក្រុមឡើងវគ្គផ្ដាច់ព្រ័ត្រឆ្នាំ២០២០នេះ។ ខ្សែប្រយុទ្ធដដែលជាអ្នកនាំលេងប្រកបដោយគុណភាពទាំងស្លាបឆ្វេង-ស្ដាំ និងតំបន់ប្រយុទ្ធទៀតផង។ 

គួច សុកុម្ភៈ ៖ សុកុម្ភៈ កំពុងទទួលបានការចាប់អារម្មណ៍ពេលត្រលប់ទៅលេងតួនាទីប្រយុទ្ធដើមដូចពេលដែលរូបគេធ្លាប់ឈ្នះស្បែកជើងមាសក្នុងពានសម្ដេចនៅខេមរាកីឡា។  ប្រធានក្រុមវ័យ ៣៣ឆ្នាំជាអ្នកនាំលេងដ៏មានប្រសិទ្ធភាពសម្រាប់ក្រុម។ សុកុម្ភៈ នៅតែមានឈ្មោះបោះសំឡេងនៅពានសម្ដេច តាមរយៈជួយឲ្យខេមរាកីឡាលើកពានសម្ដេចឆ្នាំ២០០៧ និងឈ្នះស្បែកជើងមាស ៣ ដង មុនចូលភ្នំពេញក្រោនរដូវកាល ២០១១។  គេបានរួមចំណែកសំខាន់ជួយ ណាហ្គាវើលដ៍ ទម្លាក់ក្រុមស្ដេចត្រាញ់ពានសម្ដេច ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ 

ជម្រើស១១នាក់អាចលេងរបស់ក្រុមទាំងពីរ៖

វិសាខា ៤-៤-២៖

អ្នកចាំទី៖ កែ សុខសិលា, 

ខ្សែការពារ ៤ ៖ ស៊ិន សុផាណាត់, ងយ ស្រ៊ីន, អ៊ុក សុវណ្ណ, ឆេង ម៉េង, 

ខ្សែបម្រើ ៤៖ ស៊ិន កក្កដា, អ៊ិន សុដាវីដ, ច្រឹង ពលរដ្ឋ, ទៀត គីមហេង

ខ្សែប្រយុទ្ធ ២ ៖ រ៉ឹង ប៊ុនហៀង, កែវ សុខផេង

ណាហ្គាវើលដ៍ ៖ ៤-៤-២

អ្នកចាំទី៖ ស៊ូ យ៉ាទី, 

ខ្សែការពារ ៤ ៖ ស៊ុន សុវណ្ណរិទ្ធិ, រៀម សឹង, ឃីម បូរី , ឈន ដារ៉ា 

ខ្សែបម្រើ ៤៖ វ៉ា ខ្វិនទីន , គួច ដានី, សុះ ស៊ូហាណា, ឡេង មករា

ខ្សែប្រយុទ្ធ ២ ៖ កែវ ឧត្ដម, គួច សុកុម្ភៈ

លទ្ធផលមុនឡើងវគ្គផ្ដាច់ព្រ័ត្រ៖

ណាហ្គាវើលដ័ ទម្លាក់ក្រុម៤សម័យ ព្រះខ័នរាជស្វាយរៀង ដោយគ្រាប់បាល់សរុបទាំងពីរជើង ៤-៣ នៅវគ្គ ៨ក្រុមចុងក្រោយ មុនពេលយកឈ្នះភ្នំពេញក្រោន ដោយគ្រាប់បាល់ប៉េណាល់ទីកាត់សេចក្ដី ៣-១ (ចប់ ៩០ នាទី ស្មើ ០-០) នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ 

រីឯ វិសាខា ឈ្នះ បឹងកេត ដោយគ្រាប់បាល់ប៉េណាល់ទីកាត់សេចក្ដី ៤-៣ (សរុបពីរជើង ស្មើ ៤-៤)។ បន្ទាប់មក វិសាខា ឈ្នះ ព្រៃវែង ដោយគ្រាប់បាល់ប៉េណាល់ទីកាត់សេចក្ដី ៩-៨ (ចប់ ៩០នាទី ស្មើ ០-០) នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ 

ស្នាដៃរដូវកាលមុន៖

រដូវកាលមុនណាហ្គាវើលដ៍ ធ្លាក់ ១៦ ក្រុមចុងក្រោយក្រោមថ្វីជើងគិរីវង់សុខសែនជ័យ។ ចំណែក វិសាខា ចាញ់បឹងកេត នៅវគ្គផ្ដាច់ព្រ័ត្រដោយលទ្ធផល ៤-០។ 

បងប្អូនគិតថាក្រុមណាលើកពានសម្ដេច ហ៊ុន សែន លើកទី១៤ នេះ? 

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania