កំណត់ត្រាល្អៗរបស់ កែវ សុខសិលា ក្នុងនាមអ្នកចាំទីល្អជាងគេនៅពានសម្ដេច ២០២០

10 Nov 2020 12:51

962

Share :


កែវ សុខសិលា ត្រូវបានជ្រើសរើសជាអ្នកចាំទីល្អជាងគេប្រចាំឆ្នាំ២០២០ បន្ទាប់ពីជួយឲ្យ វិសាខា លើកពានសម្ដេច ហ៊ុន សែន លើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ក្លិប។ 
ក្នុងពានរង្វាន់នេះ សុខសិលា លេងគ្រប់ប្រកួត (៥ប្រកួត) ក្នុងនោះមិនរបូតគ្រាប់បាល់ ២ដង ពេលឈ្នះត្បូងឃ្មុំ ៩-០ នៅជើងទី២ និង ឈ្នះ ណាហ្គាវើលដ៍ ២-០ នៅវគ្គផ្ដាច់ព្រ័ត្រ។ សុខសិលា ចូលលេងពានសម្ដេចនៅវគ្គ ១៦ ក្រុម ពេលឈ្នះត្បូងឃ្មុំទាំងពីរជើងក្នុងគ្រាប់បាល់សរុប ១៣ -១ (ជើងទី១ ឈ្នះ ៤-១)។ 

បន្ទាប់មកទៀត អ្នកចាំទីវ័យ ២៣ ឆ្នាំ បានរួមចំណែកឲ្យវិសាខា ឈ្នះក្រុមការពារតំណែងជើងឯក បឹងកេត ដោយគ្រាប់បាល់១១ម៉ែត្រកាត់សេចក្ដី ៤-៣ (បញ្ចប់ការប្រកួតសរុបពីរជើងស្មើ ៤-៤)។ អ្វីដែលពិសេសនោះ អតីតអ្នកចាំទី ភ្នំពេញក្រោន រូបនេះបានសង្គ្រោះបាល់១១ម៉ែត្រកាត់ ក្ដីមួយគ្រាប់របស់ខ្សែប្រយុទ្ធកំពុងឡើងជើង ម៉ាត់ នូរុណ យ៉ាងល្អដែលជួយជ្រោងឲ្យក្រុមឲ្យឡើងទៅវគ្គ ៤ ក្រុមចុងក្រោយ។ 

ការតតាំងនឹង ព្រៃវែង នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកាលថ្ងៃទី ២២ តុលា ក៏ក្ដៅគគុកផងដែរ ទោះលទ្ធផល ១-១ ត្រឹម ៩០ នាទី។ ប៉ុន្តែ សុខសិលា បានសង្គ្រោះបាល់១១ម៉ែត្រកាត់សេចក្ដី យ៉ាងល្អរបស់ អ៊ិន ឃីនដារ៉ូ ពេល វិសាខា ឈ្នះគ្រាប់បាល់១១ម៉ែត្រកាត់សេចក្ដី ច្រើនបំផុតមិនធ្លាប់មានកន្លងមកដល់ ៩-៨ (ស៊ុតម្ខាង ១០ នាក់) នៅពានរង្វាន់នេះ។ 

សុខសិលា ធ្វើបានរឹតតែអស្ចារ្យ ពេលមិនរបូតគ្រាប់បាល់ (Clean Sheet) ទល់នឹងក្រុម ណាហ្គាវើលដ៍ ក្រោយឈ្នះ ២-០ និង ជាការចូលរួមចំណែក Clean Sheet លើកទី៨ ក្នុងពានសម្ដេច នៅវគ្គផ្ដាច់ព្រ័ត្រជាប្រវត្តិសាស្ត្រតាំងពីឆ្នាំ ២០០៧ មក។ 

កាលឆ្នាំ ២០១៩ ហ៊ុល គីមហ៊ុយ ជាអ្នកចាំទីល្អជាងគេ ពេលបឹងកេត លើកពានសម្ដេច ហ៊ុន សែន លើកទី១៣ បន្ទាប់ពី ព្រះខ័នរាជស្វាយរៀង។ 

ក្រៅពីជួយឲ្យក្រុមលើកពាននិងទទួលប្រាក់រង្វាន់ ១០០ លានរៀលអមដោយមេដាយមាស និង ពានមួយ  អ្នកចាំទីវ័យ ២៣ ឆ្នាំ ក៏ទទួលប្រាក់រង្វាន់ ៣ លានរៀល អមដោយស្រោមដៃមាស ពានឯកត្តជនមួយ ផ្សេងទៀត៕ 

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania