អង្គរថាយហ្គឺរ បញ្ជាក់ពីតួនាទីទីប្រឹក្សាក្លិបរបស់លោក Naotake Hanyu
12 Nov 2020 13:06 1238

លោក Yusuke Shinoda អ្នកចាត់ការក្លិបអង្គរថាយហ្គឺរបញ្ជាក់ថា លោក Naotake Hanyu ដែលត្រូវបានតែងតាំងជាទីប្រឹក្សានឹងជួយជ្រោមជ្រែងក្លិបលើការផ្ដល់យោបល់ផ្នែកបច្ចេកទេស, ស្វែងរកកីឡាករ និងជួយផ្សព្វផ្សាយពីក្លិបដល់អ្នកគាំទ្រនៅប្រទេសជប៉ុន។

ក្នុងនាមថ្នាក់ដឹកនាំ លោក Shinoda មានអារម្មណ៍សប្បាយចិត្តដែលមានការចូលរួមគាំទ្រពីអតីតកីឡាករជម្រើសជាតិជប៉ុនខាងលើ។ លោកសង្ឃឹមថា នឹងអាចរួមគ្នាដើម្បីកសាងអនាគតបាល់ទាត់កាន់តែប្រសើរ។

លោក Shinoda រៀបរាប់បែបនេះ “៖គាត់នឹងជួយយើងលើការស្វែងរកកីឡាករ និងផ្ដល់ប្រឹក្សាលើបច្ចេកទេស ព្រមទាំងជួយផ្សព្វផ្សាយពីក្លិបឲ្យគេស្គាល់កាន់តែច្រើននៅជប៉ុន។ គាត់ជាអតីតកីឡាករជម្រើសជាតិជប៉ុន និងធ្លាប់លេងជាមួយលោក Aki (ប្រធានក្លិបអង្គរថាយហ្គឺរបច្ចុប្បន្ន) កាលនៅជាសិស្សវិទ្យាល័យ។ សម្រាប់ខ្ញុំ ខ្ញុំពិតជាសប្បាយចិត្តដែលបានការរួមចំណែកពីគាត់ ដើម្បីអភិវឌ្ឍបាល់ទាត់នៅក្លិបអង្គរថាយហ្គឺរ និងបាល់ទាត់កម្ពុជាទាំងមូល។ គាត់មានចំណេះដឹងច្រើនទាំងកីឡាករ និងគ្រូ ហើយក៏មានបណ្ដាញច្រើននៅជប៉ុន។ យើងសង្ឃឹមថា នឹងអាចកសាងអនាគតកាន់តែប្រសើរក្នុងការសហការជាមួយគាត់។”

គួរដឹងដែរថា លោក Naotake Hanyu ប្រកបអាជីពបាល់ទាត់ពីឆ្នាំ២០០២ដល់២០១៧ ធ្លាប់លេងឲ្យក្លិប JEF United Chiba, FC Tokyo និង Ventforet Kofu។ បុរសវ័យ៤០ឆ្នាំក៏បានជាប់ជម្រើសជាតិជប៉ុន១៧លើកពីឆ្នាំ២០០៦ដល់២០០៨៕

អត្ថបទ៖ CNCC 
ប្រភពរូប៖ Angkor Tiger Football Club

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania