គ្រូបង្វឹកក្លិបទាំង ៤ បង្ហាញមោទនភាព សម្រាប់ការចូលរួមប្រកួតពានរង្វាន់បាល់ទាត់សប្បុរសធម៌

23 Jan 2021 10:47

669

Share :


គ្រូបង្វឹក ហោ សុខហេង, Oriol Mohedano, Conor Nestor, និង Colum Curtis សុទ្ធតែបានបង្ហាញពីក្ដីរំភើប និងមោទនភាពដូចៗគ្នា ដែលក្លិបរបស់លោកទាំង ៤ បានចូលរួមប្រកួតប្រជែង ក្នុងពានរង្វាន់បាល់ទាត់សប្បុរសធម៌ Siem Reap Charity Cup 2021 ជាព្រឹត្តិការណ៍បែបសប្បុរសធម៌ ដើម្បីកៀរគរថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ។

គ្រូបង្វឹកសមាគមកីឡាបាល់ទាត់ ខ.ភ.ម ហោ សុខហេង បានបង្ហាញទស្សនៈថា៖ «យើងដឹងហើយថា មន្ទីរពេទ្យកុមារអង្គរបានជួយជីវិតក្មេងៗយើងច្រើនមែនទែន។ ហេតុនេះការប្រកួតពានរង្វាន់សប្បុរសធម៌ពេលនេះ ជាសកម្មភាពដ៏ល្អមួយ ដែលយើងត្រូវរួមគ្នាធ្វើ រួមគ្នាជួយ ផ្ដល់ទៅកាន់សង្គមរបស់យើង ជាពិសេសដើម្បីកុមារជាទីស្រលាញ់របស់យើង»។

«អង្គរថាយហ្គឺរពិតជារីករាយ សម្រាប់ការចូលរួមព្រឹត្តិការណ៍បែបសប្បុរសធម៌មួយនេះ ព្រោះយើងតែងតែចូលរួមសកម្មភាពសង្គមបែបនេះជាច្រើនលើកមកហើយ។ នេះជាសញ្ញាណវិជ្ជមានមួយ នៃការរួបរួមកម្លាំងសាមគ្គី ក៏ដូចជាការចែករំលែក និងយកចិត្តទុកដាក់ជួយគ្នាទៅវិញទៅមក។ យើងពិតជាមានមោទនភាព ដែលបានចូលរួមក្នុងកម្មវិធីនេះ»។ នេះជាការយល់ឃើញរបស់លោក Oriol Mohedano Segura គ្រូបង្វឹកអង្គរថាយហ្គឺរ។

ចំណែកលោក Colum Curtis គ្រូបង្វឹកវិសាខាឲ្យដឹងថា៖ «ពួកយើងពិតជាមានកិត្តិយសក្នុងការចូលរួមប្រកួតពានរង្វាន់មួយនេះ នៅលើទឹកដីសៀមរាបអង្គរដ៏អស្ចារ្យ។ នេះជាការផ្ដួចផ្ដើមដ៏ត្រឹមត្រូវ ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ ដែលបានសង្គ្រោះជីវិតកុមារកម្ពុជាជាច្រើនពាន់នាក់ក្នុងមួយឆ្នាំៗ»។

គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង Conor Nestor លើកឡើងថា៖ «សម្រាប់យើង វាពិតជាអស្ចារ្យមែនទែន។ ខ្ញុំគិតថា បើយើងអាចបង្កើតការប្រកួតសប្បុរសធម៌បែបនេះបានកាន់តែច្រើន នោះវាកាន់តែប្រសើរថែមទៀតសម្រាប់កម្ពុជា។ បាល់ទាត់ គឺសម្រាប់មនុស្សទាំងអស់គ្នា ហើយបាល់ទាត់គួរតែផ្ដល់នូវសារប្រយោជន៍សម្រាប់មនុស្សជាតិ ដូចដែលពួកយើងបានធ្វើនៅពេលនេះ»។

ពានរង្វាន់បាល់ទាត់សប្បុរសធម៌ Siem Reap Charity Cup 2021 លេចរូបរាងឡើងក្រោមការផ្ដួចផ្ដើមរបស់ Siem Reap United ដែលមានក្លិបលីគកំពូល ៤ចូលរួមរួមមាន អង្គរថាយហ្គឺរ វិសាខា ព្រះខ័នរាជស្វាយរៀង និងសមាគមកីឡាបាល់ទាត់ ខ.ភ.ម។ ការប្រកួតចាប់ផ្ដើមពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែមករា ដែលមានផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុក គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា CNCC កម្ពុជាថ្មីដេលី និង SRU Stadium ។ សម្រាប់ប្រិយមិត្តដែលមានបំណងបរិច្ចាគថវិកាសប្បុរសធម៌ ក្នុងការប្រកួតមួយនេះ លោកអ្នកអាចចូលរួមបានតាមរយៈគណនី ABA 002 594 363 (Siem Reap United) ៕

អត្ថបទ៖ CNCC
ប្រភពរូប៖ SRU Stadium

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania