ជូ ស៊ិនទិ និងរី លាភផេង ប្រាប់មូលហេតុជ្រើសរើសព្រះខ័នរាជស្វាយរៀង

26 Jan 2021 09:40

788

Share :


ការស្រលាញ់ បូករួមទាំងគុណភាពក្រុម គឺជាដើមចមដែលអតីតយុវជនសាលាបាល់ទាត់ជាតិបាទី២រូប គឺ រី លាភផេង និងជូ ស៊ិនទិ សម្រេចចិត្តជ្រើសរើសព្រះខ័នរាជស្វាយរៀងជាទ្រនំបន្ទាប់។

ជូ ស៊ិនទិ ដែលមានតួនាទីជាខ្សែបម្រើពន្យល់បែបនេះ “៖ដោយសារតែព្រះខ័នរាជស្វាយរៀងជាក្លិបដែលខ្ញុំស្រលាញ់ និងចូលចិត្តរបៀបលេង។ 

ខ្ញុំមើលទៅស្វាយរៀងមានការរៀបចំច្បាស់លាស់ ហើយក៏សម្បូរដោយគ្រូបង្វឹកបរទេសល្អច្រើន ហើយគ្រូខ្មែរល្អៗច្រើន។ ក្លិបក៏បានសម្រួលឲ្យខ្ញុំបានយ៉ាងល្អទៅលើការស្នាក់នៅ និងរៀនបន្តថែមទៀត។ ទាំងនេះហើយជាមូលហេតុខ្ញុំជ្រើសរើសព្រះខ័នរាជស្វាយរៀង។ ខ្ញុំសង្ឃឹមថា ខ្ញុំអាចសម្របបានទៅតាមរបៀបលេងរបស់ក្លិប ហើយអភិវឌ្ឍខ្លាំងទៅមុខយ៉ាងល្អ និងអាចជួយក្លិបទទួលបានលទ្ធផលច្រើន។ ខ្ញុំប្ដេជ្ញាថា ខ្ញុំនឹងប្រឹងអស់សមត្ថភាព។”

ចំណែកខ្សែការពារស្លាប រី លាភផេង បានលម្អិតពីមូលហេតុបែបនេះ “៖ខ្ញុំជ្រើសរើសព្រះខ័នរាជស្វាយរៀង ព្រោះជាក្លិបដ៏ល្អនៅកម្ពុជា និងមានរបៀបលេងមួយដែលខ្ញុំគិតថា អាចសម្របខ្លួនបានល្អ។ មិនតែប៉ុណ្ណោះ ក៏ជាក្លិបដែលផ្ដល់ឱកាសដល់យុវជនបានច្រើន។ ខ្ញុំនឹងប្រឹងអស់ពីលទ្ធភាពដើម្បីបានឱកាសលេង។”

គួរដឹងដែរថា ជូ ស៊ិនទិ និងរី លាភផេង ស្ថិតក្នុងចំណោមយុវជនអាយុក្រោម១៨ឆ្នាំជាច្រើនរូបទៀតនៃមជ្ឈមណ្ឌល និងសាលាបាល់ទាត់ជាតិបាទីដែលទើបត្រូវបានប្រកាសរំសាយនាពេលថ្មីៗនេះ។ អ្នកទាំង២បានចូលរួមជាមួយក្រុមបាទីកាលឆ្នាំ២០១៦ និងធ្លាប់ជាប់ជម្រើសជាតិយុវជនច្រើនកម្រិតទៀតផង៕

អត្ថបទ៖ CNCC 
ប្រភពរូប Preah Khan Reach Svay Rieng FC

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania