ស៊ុក វឌ្ឍនា រីករាយបានចូលរួមក្លិបដើម Tiffy Army តែបារម្ភពីបញ្ហាមួយ

27 Jan 2021 16:12

678

Share :


ខ្សែការពារ ស៊ុក វឌ្ឍនា អតីតសមាជិកសូលទីឡូអង្គរ កាលពីរដូវកាលកន្លងទៅ ក្នុងរដូវកា ២០២១ នេះ បានត្រលប់មកចូលរួមជាមួយសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទវិញ ជាក្លិបដែលគេបានចាប់ផ្ដើមអាជីពបាល់ទាត់ ក្នុងក្រុមយុវជនអាយុក្រោម ១៨ ឆ្នាំ។

ពាក់ព័ន្ធការចូលរួមជាមួយក្លិបចាស់ ខ្សែការពារមានប្រភពពីស្រុកឧត្ដុង ខេត្តកំពង់ស្ពឺ អះអាងថា ខ្លួនរីករាយយ៉ាងខ្លាំង ដែលបានជាន់ទឹកដីស្តាតចាស់ជាថ្មី តែក៏ទទួលស្គាល់ថា បារម្ភពីឱកាសលេងផងដែរ។ 

  

«ខ្ញុំពិតជាសប្បាយចិត្តចំពោះការមករួមរស់ជាមួយក្លិបដើមវិញ ក្នុងនាមជាកីឡាករក្រុមធំ។ វាជាក្ដីស្រមៃមួយ ក្នុងចំណោមក្ដីស្រមៃជាច្រើន នៃអាជីពបាល់ទាត់របស់ខ្ញុំ។ បែបណាក្ដី ទន្ទឹមនឹងភាពរីករាយនេះ ខ្ញុំក៏បារម្ភខ្លះៗដែរពីឱកាសបង្ហាញខ្លួន ព្រោះកីឡាករភាគច្រើនជារៀមច្បង មានសមត្ថភាពខ្ពស់ ហើយបទពិសោធច្រើនឆ្នាំក្នុងក្លិប»។

  

យ៉ាងណាក៏ដោយ វឌ្ឍនា បង្ហាញសុទិដ្ឋិនិយមខ្ពស់ថា រូបគេនឹងព្យាយាមកាន់តែខ្លាំងទ្វេដង ដើម្បីសម្រេចក្ដីបំណងលេងក្នុងប្រកួតផ្លូវការ ឲ្យបានច្រើនបំផុតតាមដែលអាចទៅរួច។ គេបង្ហើបថា គោលដៅដំបូងបង្អស់ គឺការជាប់ក្នុងបញ្ជី ១៨នាក់ជាមុនសិន មុននឹងប្រាថ្នាដណ្ដើមយកកៅអីជម្រើស ១១នាក់ដំបូងឲ្យបាន។

  

បច្ចុប្បន្ន ស៊ុក វឌ្ឍនា មានវ័យ ២២ឆ្នាំ ជាយុវជនមានប្រភពពីស្រុកឧត្ដុង្គ ខេត្តកំពង់ស្ពឺ បានចូលរួមជាមួយក្រុមថ្នាលរបស់សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ មុនទៅចូលរួមជាមួយក្លិបបាល់ទាត់សូលទីឡូអស់ ២ រដូវកាល ហើយបានត្រលប់មកក្លិបដើមវិញ នៅរដូវកាល ២០២១ នេះ៕

អត្ថបទ៖ CNCC 
ប្រភពរូបៈ TIFFY ARMY Football Club-សមាគមកីឡាបាល់ទាត់ ខ ភ ម

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania