តាំង សុភ័ក្ដ្រ បង្ហាញការយល់ឃើញក្រោយចូលរួមជាមួយណាហ្គាបានជាងមួយខែ

28 Jan 2021 13:36

565

Share :


គិតមកទល់ពេលនេះមានរយៈពេលជាងមួយខែហើយដែលខ្សែប្រយុទ្ធ តាំង សុភ័ក្ត្រ បានចូលរួមជាមួយទ្រនំថ្មីណាហ្គាវើលដ៍ ក្រោយបញ្ចប់ការរួមរស់ជាមួយអង្គរថាយហ្គឺរជាទីរូបគេរួមរស់៧រដូវកាលកន្លងមក។

ការផ្លាស់មកកាន់ក្រុមដឹកនាំដោយគ្រូបង្គោល មាស ចាន់ណា ត្រូវបានកីឡាករធ្លាប់ជាប់ជម្រើសជាតិកម្ពុជា ចាត់ទុកជាឱកាសដ៏ល្អមួយសម្រាប់គេ។ ឱកាសល្អដោយសារតែសម្បូរដោយកីឡាករមានបទពិសោធច្រើន។

តាំង សុភ័ក្ត្រ ពន្យល់បែបនេះ “៖វាជារឿងដ៏ល្អមួយសម្រាប់ខ្ញុំដែលបានចូលរួមជាមួយណាហ្គាវើលដ៍ ព្រោះជាក្លិបដ៏ល្អ និងសម្បូរដោយកីឡាករមានបទពិសោធច្រើន។ ការហ្វឹកហាត់រួមគ្នាជាងមួយខែមកនេះ ខ្ញុំគិតថា អាចយល់ចិត្តគ្នាបាន៧០ទៅ៨០ភាគរយ។ ខ្ញុំប្ដេជ្ញាថា នឹងប្រឹងប្រែងជួយណាហ្គាវើលដ៍ទទួលបានចំណាតថ្នាក់ល្អមួយ ជាពិសេសជើងឯក MCL និងពានសម្ដេចតេជោ ហ៊ុន សែន។” ពាក់ព័ន្ធនឹងការហ្វឹកហាត់ជាមួយគ្រូបង្គោល មាស ចាន់ណា ខ្សែប្រយុទ្ធខាងលើលើកឡើងថា មានការរៀបចំល្អ និងទទួលបានបទពិសោធច្រើនពីគ្រូបង្វឹកកម្រិត A-License រូបនេះ។

គួរដឹងដែរថា តាំង សុភ័ក្ត្រ បានផ្ដើមអាជីពបាល់ទាត់ក្នុងឆ្នាំ២០១៤ ដោយលេងនៅក្លិបត្រាយអាស៊ីភ្នំពេញ ដែលបច្ចុប្បន្នជាអង្គរថាយហ្គឺរ។ គេធ្លាប់ជាប់ជម្រើសជាតិកម្ពុជាអំឡុងការដឹកនាំបណ្ដោះអាសន្នដោយលោក ប្រាក់ សុវណ្ណារ៉ា ចុងឆ្នាំ២០១៧ និងដើមឆ្នាំ២០១៨។

ដោយឡែកក្នុងការត្រៀមរដូវកាលថ្មី២០២១នេះ ណាហ្គាវើលដ៍បាននាំចូលកីឡាករក្នុងស្រុកមួយចំនួនទៀតដូចជា នុប តុលា, នេន សុធារដ្ឋ និងសំអឿន ពិដោរ ជាដើម៕

អត្ថបទ៖ CNCC 
ប្រភពរូប NagaWorld FC

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania