វ៉ាំង ដាវីន៖ «បានតម្លើងទៅកាន់ក្រុមធំ ជាកិត្តិយសដ៏ធំសម្រាប់ខ្ញុំនៅបឹងកេត»

29 Jan 2021 17:15

656

Share :


សមាជិកក្រុមយុវជនអាយុក្រោម ១៨ឆ្នាំ បឹងកេត វ៉ាំង ដាវីន ប្រាប់ថា វាជាកិត្តិយស និងក្ដីមោទនៈដ៏ធំធេងសម្រាប់គេ ក្រោយបានទទួលការទុកចិត្តពីក្រុមគ្រូបង្វឹក តម្លើងទៅកាន់ក្រុមធំក្នុងរដូវកាល ២០២១នេះ។

យុវជនមានប្រភពពីស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំងរូបនេះលើកឡើងថា៖ «ការឡើងមកកាន់ក្រុមធំ គឺក្ដីសុបិនដ៏ធំមួយ ក្នុងចំណោមក្ដីសុបិនជាច្រើនលើវិថីបាល់ទាត់របស់ខ្ញុំ។ ខ្ញុំពិតជាមានកិត្តិយសខ្លាំងណាស់ ដែលថ្នាក់ដឹកនាំ និងលោកគ្រូៗទាំងអស់ បានផ្ដល់ទំនុកចិត្តមកលើខ្ញុំ។ វាពិតជាលឿនសម្រាប់ខ្ញុំ ក្នុងការឈានមកដល់ចំណុចនេះ ព្រោះចាប់ពីពេលខ្ញុំចូលរួមជាមួយ U18 មក វាមានរយៈពេលប្រមាណជាង ៦ខែប៉ុណ្ណោះ»។

យ៉ាងណាក្ដី កីឡាករលេងបានច្រើនដំណែង និងប្រើប្រាស់ជើងឆ្វេងស្ដាំបានយ៉ាងជំនាញដដែលអះអាងថា នេះគ្រាន់តែជាការចាប់ផ្ដើមរបស់គេប៉ុណ្ណោះ ព្រោះ ដាវីន គិតថា ខ្លួននៅខ្វះខាតទាំងបច្ចេកទេសកម្រិតអាជីព និងបទពិសោធលើទីលានជាមួយក្រុមធំ ដែលទាមទារឲ្យមានការតាំងចិត្តខ្ពស់ ព្រមទាំងការប្រឹងប្រែងលើសពី ១០០ភាគរយផងដែរ។

គួរឲ្យដឹងដែរថា យុវជនកម្ពស់ ១.៧៣ម៉ែត្ររូបនេះ មានប្រភពពីក្រុមស្ម័គ្រចិត្តពន្លៃថោន នៃស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ហើយបានចូលរួមជាមួយក្រុមយុវជន U18 បឹងកេត នៅថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០២១ ក្រោយសាកល្បងសមត្ថភាពបានត្រឹម ៣ថ្ងៃប៉ុណ្ណោះ។ បន្ទាប់ពីហ្វឹកហាត់ជាមួយបឹងកេតអស់ពេល ២សប្ដាហ៍ គេក៏បានបង្ហាញខ្លួនក្នុងបញ្ជីបឋម នៃក្រុមជម្រើសជាតិអាយុក្រោម ១៩ឆ្នាំ ដឹកនាំដោយគ្រូបង្វឹកជប៉ុន Koji Gyotoku ៕ 

អត្ថបទ៖ CNCC
ប្រភពរូបៈ Boeung Ket Football Club

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania