សាយ ពិសិដ្ឋ “៖ការវិលត្រលប់របស់គ្រូនិតគឺជារឿងដ៏ល្អ”

31 Jan 2021 10:21

560

Share :


ខ្សែការពារក្លិបបាល់ទាត់នគរបាលជាតិ សាយ ពិសិដ្ឋ បានចាត់ទុកការវិលត្រលប់របស់គ្រូបង្គោល អ៊ុង កនយ៉ានិត គឺជារឿងដ៏ល្អបំផុត ព្រោះលោកស្គាល់ច្បាស់ពីរចនាសម្ព័ន្ធក្រុម និងស្ថានភាពទូទៅទាំងអស់។

ប្រធានក្រុមខាងលើរំពឹងថា អ្វីៗនឹងល្អប្រសើរឡើងវិញក្នុងការប្រកួតក្របខណ្ឌ Metfone Cambodian League និងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងរដូវកាល២០២១ខាងមុខ។ 

សាយ ពិសិដ្ឋ សង្កត់ធ្ងន់បែបនេះ “៖សម្រាប់ខ្ញុំ ការវិលត្រលប់មកវិញរបស់គ្រូនិត គឺជារឿងល្អសម្រាប់ក្រុម ព្រោះគាត់យល់ពីស្ថានភាពទូទៅ ដឹងពីរចនាសម្ព័ន្ធក្លិប និងបានស្គាល់កីឡាករជាច្រើន។ ជាក់ស្ដែងមួយរយៈដែលគាត់ចូលរួមជាមួយក្រុម គឺគាត់បានរៀបចំយ៉ាងល្អ ហើយកីឡាករមួយចំនួនយកចិត្តទុកដាក់ ទាំងថ្មី និងចាស់។ ក្ដីរំពឹងគឺត្រូវតែមាន។ យើងនឹងប្រឹងប្រែងអស់ពីលទ្ធភាព ហើយសង្ឃឹមថា យើងនឹងមានកីឡាករបរទេសល្អៗជួយក្រុមក្នុងរដូវកាល២០២១។”

គួរដឹងដែរថា លោក អ៊ុង កនយ៉ានិត ធ្លាប់ដឹកនាំក្លិបនគរបាលជាតិពីចន្លោះឆ្នាំ២០១០ដល់២០១៦ មុនចាកចេញដោយសារភាពចាំបាច់ផ្ទាល់ខ្លួន។ លោកធ្លាប់ដឹកនាំក្លិបតំណាងនគរបាលជាតិមួយនេះឈ្នះពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០១៤ និងពានរង្វាន់អន្តរជាតិទៀតផង។ 

អតីតខ្សែបម្រើជម្រើសជាតិកម្ពុជាក៏បានចូលរួមការងារគ្រូបង្វឹកក្នុងតួនាទីជាគ្រូជំនួយជម្រើសជាតិក្រោមការដឹកនាំរបស់លោក Lee Tae-hoon, លោក Leonardo Vitorino និងចុងក្រោយជាមួយលោក Keisuke Honda មួយរយៈដែរ៕

អត្ថបទ៖ CNCC 
ប្រភពរូប៖ ក្លិបបាល់ទាត់នគរបាលជាតិ

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania