FORWARD Pre-Season Cup 2021 ធ្វើឡើងក្នុងគោលបំណងសំខាន់២

01 Feb 2021 13:37

948

Share :


ការប្រកួតបាល់ទាត់មិត្តភាពត្រៀមរដូវកាលថ្មី FORWARD Pre-Season Cup 2021 នឹងដំណើរការនៅកីឡដ្ឋានព្រីនស៍របស់ក្លិបវិសាខាពីថ្ងៃទី០៥ដល់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ ដោយមានក្រុមចំនួន៤ចូលរួម គឺម្ចាស់ផ្ទះវិសាខា, ព្រះខ័នរាជស្វាយរៀង, អង្គរថាយហ្គឺរ និងភ្នំពេញក្រោន។ 

ក្នុងសន្និសីទសារព័ត៌មាននៅ Prince Stadium កាលថ្ងៃអាទិត្យ ទី៣១ ខែមករា ឆ្នាំ២០២១ លោក រ៉ា នូវិបុត្រ នាយកប្រតិបត្តិក្លិបវិសាខា និងជាប្រធានគណៈកម្មការរៀបចំបានបញ្ជាក់ថា ការប្រកួតនេះធ្វើឡើងក្នុងគោលបំណងសំខាន់២ គឺ រួមចំណែកអភិវឌ្ឍបាល់ទាត់ជាតិឲ្យកាន់តែឈានទៅមុខ ដោយបង្កើននូវការប្រកួតប្រជែងកាន់តែខ្ពស់។ មួយវិញទៀត គឺដើម្បីត្រៀមលក្ខណៈក្នុងការប្រកួតក្របខណ្ឌ Metfone Cambodian League និងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រដូវកាលថ្មី។ 

ថ្នាក់ដឹកនាំដដែលបន្ថែមថា ការប្រកួតមិត្តភាពត្រៀមរដូវកាលថ្មីនឹងមានលក់សំបុត្រចូលរួមទស្សនាដល់ទស្សនិកជនដែរ តែកំណត់ត្រឹម១០ភាគរយនៃចំនួនកៅអីសរុបរបស់កីឡដ្ឋាន ទៅតាមការណែនាំពីថ្នាក់ជាតិ។ ចំពោះតម្លៃសំបុត្រវិញ លោកបញ្ជាក់ថា គណៈកម្មការនឹងសិក្សាបន្ថែមថាអាចលក់ប៉ុន្មាន។ 

ចំណែកតំណាងក្លិបភ្នំពេញក្រោន, ព្រះខ័នរាជស្វាយរៀង និងអង្គរថាយហ្គឺរ បានវាយតម្លៃខ្ពស់ចំពោះ FORWARD Pre-Season Cup 2021 ព្រោះអាចជួយដល់ការត្រៀមរបស់ពួកគេ មុន Metfone Cambodian League និងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រដូវកាលថ្មី ចូលមកដល់នាពេលខាងមុខ។

លទ្ធផលចាប់គូបង្ហាញឲ្យឃើញថា នៅថ្ងៃទី០៥ ខែកុម្ភៈ ព្រះខ័នរាជស្វាយរៀង ប៉ះម្ចាស់ផ្ទះវិសាខា ម៉ោង ៣រសៀល និង អង្គរថាយហ្គឺរ ត្រូវជួប ភ្នំពេញក្រោន ម៉ោង ៧ល្ងាច។ លុះដល់ថ្ងៃទី០៧ ខែកុម្ភៈ ក្រុមឈ្នះត្រូវប៉ះគ្នាដណ្ដើមលេខ១ និងក្រុមចាញ់ប្រកួតគ្នាយកលេខ៣។ ការប្រកួតទាំងអស់នឹងធ្វើឡើងនៅកីឡដ្ឋានព្រីនស៍៕


អត្ថបទ៖ CNCC 
ប្រភពរូប៖ Visakha FC

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania