Cambodia Airways Cup 2021 ចាប់ផ្ដើមថ្ងៃអង្គារ ទី០២ ខែកុម្ភៈ នេះហើយ

02 Feb 2021 11:15

925

Share :


ព្រឹត្តិការណ៍បាល់ទាត់មិត្តភាពត្រៀមរដូវកាលថ្មី Cambodia Airways Cup 2021 នឹងចាប់ផ្ដើមដំណើរការប្រកួតនៅថ្ងៃអង្គារ ទី០២ ខែកុម្ភៈ ឆ្នាំ២០២១ នេះហើយដែលប្រព្រឹត្តទៅនៅកីឡដ្ឋាន Cambodia Airways របស់ក្លិបបឹងកេត។

ការប្រកួតលក្ខណៈ Pre-Season មានការចូលរួមពីក្រុមម្ចាស់ផ្ទះបឹងកេត, នគរបាលជាតិ, អគ្គិសនីកម្ពុជា និងអាស៊ីអឺរ៉ុបយូណាយធីត ដោយធ្វើឡើងលក្ខណៈវិលជុំសន្សំពិន្ទុ (ប្រកួតតែមួយជើងទេ) រហូតដល់ថ្ងៃទី០៩ ខែកុម្ភៈ ហើយក្រុមមានពិន្ទុច្រើនជាងគេនឹងក្លាយជាម្ចាស់ពាន។

លោក បែ មករា ប្រធានគណៈកម្មការរៀបចំការប្រកួត CAMBODIA AIRWAYS CUP 2021 សង្កត់ធ្ងន់ថា ព្រឹត្តិការណ៍នេះធ្វើឡើងដើម្បីរឹតចំណងសាមគ្គីភាពរវាងបណ្តាក្លិបក្នុងក្របខណ្ឌ Metfone Cambodian League និងសម្រួចគុណភាពក្រុមត្រៀមរដូវកាលថ្មីទាំងការប្រកួតក្នុងស្រុក និង AFC Cup ដែលបឹងកេតនឹងត្រូវចូលរួមតំណាងកម្ពុជា។ 

មិនមានប្រាក់រង្វាន់សម្រាប់ក្រុមជើងឯក និងក្រុមចូលរួមឯទៀតទេ តែអ្វីសំខាន់នោះគឺថវិកាពីការលក់សំបុត្រដល់អ្នកចូលរួមទស្សនា នឹងត្រូវបានបង្វែរចូលរួមកម្មវិធីសប្បុរសធម៌។ សំបុត្រចូលរួមទស្សនាត្រូវបានកំណត់ត្រឹម១០%នៃចំនួនកៅអីកីឡដ្ឋាន CAMBODIA AIRWAYS តាមគោលការណ៍គណៈកម្មាធិការប្រកួតបាល់ទាត់ជាតិកម្ពុជា។

ចំណែកគ្រូបង្គោលក្លិបទាំង៤ បានវាយតម្លៃខ្ពស់ពីសារៈសំខាន់នៃព្រឹត្តិការណ៍ Cambodia Airways Cup 2021 នេះដែលនឹងរួមចំណែកសម្រួចគុណភាព និងបច្ចេកទេសកីឡាកររបស់ខ្លួនមុនការប្រកួតផ្លូវការនានាចូលមកដល់នាពេលដ៏ខ្លីខាងមុខ។

គួរបញ្ជាក់ថា នេះជាលើកទីមួយហើយដែលក្រុមហ៊ុន Cambodia Airways សហការជាមួយក្លិបបឹងកេតរៀបចំព្រឹត្តិការណ៍ Pre-Season ឡើង។

ការប្រកួតនឹងចាប់ផ្ដើមនៅម៉ោង៣និង៣០នាទីរសៀលថ្ងៃអង្គារ ទី០២ ខែកុម្ភៈនេះរវាងម្ចាស់ផ្ទះបឹងកេត និងនគរបាលជាតិ។ ចំណែកថ្ងៃទី០៣ ខែកុម្ភៈ ម៉ោងដដែល អាស៊ីអឺរ៉ុបយូណាយធីតជួបជាមួយអគ្គិសនីកម្ពុជា នៅម៉ោងដូចគ្នា៕

អត្ថបទ៖ CNCC 
ប្រភពរូបៈCambodia Airways Stadium / Boeung Ket Football Club

 

 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania