កំពង់ធំរើសយុវជនច្រើនត្រៀមពានសម្ដេចតេជោថ្នាក់ខេត្តឆ្នាំនេះ

02 Feb 2021 13:48

613

Share :


ប្រធានក្រុមបាល់ទាត់ជម្រើសខេត្តកំពង់ធំ ទៀត ដារ៉ាសុខា ឲ្យដឹងថា ក្រុមរបស់លោកជ្រើសរើសកីឡាករវ័យក្មេងច្រើនរូបដើម្បីត្រៀមចូលរួមការប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត២០២១ ដែលគ្រោងចាប់ផ្ដើមពាក់កណ្ដាលខែកុម្ភៈ។

មានកីឡាករក្មេងច្រើន ព្រោះសមាជិកឆ្នាំចាស់នៅសល់តិចតួច ដោយសារអ្នកឯទៀតជាប់រវល់ការងារផ្ទាល់ខ្លួន។ ប្រធានក្រុមជើងចាស់ ទៀត ដារ៉ាសុខា ទទួលស្គាល់ក្រុមរបស់ខ្លួននឹងជួបការប្រកួតប្រជែងកាន់តែខ្លាំងជាងឆ្នាំមុន ដោយសារកម្រិតសមត្ថភាពកីឡាករ។

អតីតកីឡាករក្លិបខេមរាកីឡា និងណាហ្គាវើលដ៍ប្រាប់លម្អិតពីការរៀបចំក្រុមបែបនេះ “៖យើងរើសកីឡាករបានច្រើនដែរពីការធ្វើតេស្ដថ្មីៗនេះ តែភាគច្រើនជាយុវជន។ ចាស់ៗសល់៧-៨នាក់ ហើយក្រៅពីហ្នឹងជាក្មេងៗសិស្សសាលា អាយុ១៧-១៨ឆ្នាំឡើង។ យើងយកក្មេងៗមកដើម្បីពួកគេបានលេងពានផ្លូវការ ព្រោះភាគច្រើនពួកគាត់លេងតែពានធម្មតាៗ។ ម្យ៉ាងចាស់ៗយើងឆ្នាំមុនហ្នឹងភាគច្រើនរវល់ការងារផ្ទាល់ខ្លួន អ៊ីចឹងពិបាកដែរ។ សមត្ថភាពក្មេងៗអាចត្រឹមមួយលេងបាន តែបើប្រៀបជាមួយចាស់ៗឆ្នាំមុន មិនទាន់ដល់កម្រិតទេ។”

ប្រធានក្រុម និងជាសមាជិកក្រុមការងារគ្រូបង្វឹកដដែលបន្ថែមថា ការប្រមូលផ្ដុំហ្វឹកហាត់ទ្រង់ទ្រាយធំដំណើរការជាងកន្លះខែហើយ តែការជួបជុំពេញលេញបានតែថ្ងៃសៅរ៍ និងអាទិត្យ ប៉ុណ្ណោះ ព្រោះយុវជនជាប់សិក្សា។

គួររំឭកថា ក្រុមបាល់ទាត់ជម្រើសខេត្តកំពង់ធំមិនបានឆ្លងផុតវគ្គចែកពូលឡើយក្នុងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត២០២០៕

អត្ថបទ៖ CNCC 
ប្រភពរូប ផ្តល់អោយ 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania