សារី ម៉ាត់ណូរ៉ូទីន៖ «ជង្គង់ខ្ញុំធូរស្បើយប្រហែល ៤០ភាគរយ ត្រូវសម្រាកពី ៤ទៅ ៦ខែទៀត»

03 Feb 2021 07:49

553

Share :


សមាជិកណាហ្គាវើលដ៍ សារី ម៉ាត់ណូរ៉ូទីន បានឲ្យដឹងថា របួសសរសៃពួរស្ដាំរបស់គេ សះស្បើយបានប្រមាណ៤០ភាគរយហើយ គិតចាប់ពីពេលវះកាត់ កាលពីខែវិច្ឆិកា ឆ្នាំ ២០២០កន្លងទៅ។ គេថា ត្រូវការពេលជាច្រើនខែទៀត ដើម្បីអាចជាសះស្បើយ ១០០ភាគរយ មុនបង្ហាញខ្លួនលើវាលស្មៅជាថ្មី។

អតីតសមាជិកអាស៊ីអឺរ៉ុប ភ្នំពេញក្រោន និងវិសាខារូបនេះប្រាប់ថា៖ «ប្រសិនបើស្ថានភាពរបួស វិវឌ្ឍទៅមុខល្អប្រសើរដូចការគិតទុក ខ្ញុំត្រូវរង់ចាំចន្លោះពី ៤ ទៅ ៦ខែទៀត ទើបអាចវវិលត្រលប់ទៅលេងវិញបាន។ គិតមកទល់ពេលនេះ ខ្ញុំវះកាត់បាន ៣ខែហើយ ហើយកំពុងស្ថិតក្នុងដំណាក់កាលហាត់ Gym ដើម្បីស្ដារសាច់ដុំត្រលប់មកវិញ។ ខ្ញុំត្រូវធ្វើតាមលំហាត់របស់គ្រូពេទ្យ ពីមួយដំណាក់ទៅមួយដំណាក់ តាមស្ថានភាពសះស្បើយរបស់វា»។

កីឡាករទាត់បញ្ចូលទីកូរ៉េខាងជើង ១គ្រាប់ ឲ្យក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២២ឆ្នាំ នៅវគ្គជម្រុះពូល G ពានរង្វាន់ AFC U23 Championship ឆ្នាំ ២០១៦ នាប្រទេសថៃខាងលើប្រាប់ថា  នេះជាស្ថានភាពដ៏អាក្រក់បំផុត ក្នុងអាជីពបាល់ទាត់។ បែបណាក្ដី កីឡាករវ័យ ២៤ឆ្នាំដដែលបង្ហាញការតាំងចិត្តខ្ពស់ថា នឹងព្យាយាមអនុវត្តតាមវេជ្ជបញ្ជាឲ្យបានខ្ជាប់ខ្ជួន ដើម្បីឆាប់បានត្រលប់ទៅកាន់វាលស្មៅវិញ។ 

គេចាំបានថា សារី ម៉ាត់ណូរ៉ូទីន រងរបួសដាច់សរសៃពូរជង្គង់ស្ដាំ អំឡុងប្រកួតឲ្យណាហ្គាវើលដ៍ ទល់នឹងសមាគមកីឡាបាល់ទាត់ ខភម កាលពីពាក់កណ្ដាលខែកញ្ញា ឆ្នាំ ២០២០កន្លងទៅ។ ណូរ៉ូទីន ធ្លាប់បង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ១៩ឆ្នាំ ក្រោម ២២ឆ្នាំ និងក្រុមធំផងដែរ៕

អត្ថបទ៖ CNCC

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania