សឿត បារាំង និយាយពីការសម្រេចចិត្តដ៏លំបាក ពេលចេញពីក្រោនទៅថៃហ្គឺរ

04 Feb 2021 08:36

1699

Share :


ក្រោយរួមរស់ជាមួយភ្នំពេញក្រោនអស់ពេល ១០ឆ្នាំ ខ្សែការពារ សឿត បារាំង បានប្ដូរទៅចូលរួមជាមួយក្លិបនាស្រុកកំណើតឯខេត្តសៀមរាប អង្គរថាយហ្គឺរ ក្នុងលក្ខខណ្ឌខ្ចីជើង។ ពាក់ព័ន្ធការផ្លាស់ក្លិបដ៏គួរឲ្យភ្ញាក់ផ្អើលមួយនេះ បារាំង អះអាងថា ខ្លួនពិតជាជួបពេលវេលាលំបាកបំផុត សម្រាប់ការសម្រេចចិត្តចាកចេញ។

ឲ្យ CNCC ដឹង ទាំងអារម្មណ៍ស្ដាយស្រណោះ បារាំង រំឭកថា ការសម្រេចចិត្តផ្លាស់ទៅលេងឲ្យអង្គរថាយហ្គឺរ ធ្វើឲ្យគេមានអារម្មណ៍មួយ ដែលធ្លាប់បានជួបកាលពី ១០ឆ្នាំមុន ជាពេលដែលគេសម្រេចចិត្តចាកចេញពីផ្ទះ មកចូលរួមជាមួយភ្នំពេញក្រោន។

«វាពិតជាពិបាកមែនទែន សម្រាប់ការសម្រេចចិត្តរបស់ខ្ញុំ ព្រោះថាខ្ញុំមានថ្ងៃនេះ គឺដោយសារភ្នំពេញក្រោន។ ខ្ញុំបានចាត់ទុក RSN ប្រៀបដូចជាផ្ទះទី ២ របស់ខ្ញុំអ៊ីចឹង។ ខ្ញុំនៅតែចងចាំមនុស្សដ៏មានគុណម្នាក់គឺ លោកពូ ឬទ្ធី សំណាង។ គាត់បានផ្គត់ផ្គង់គ្រប់យ៉ាងឲ្យខ្ញុំ និងកីឡាករទាំងអស់។ អារម្មណ៍ចាកចេញពីក្រោន គឺពិបាកដូចកាលខ្ញុំចាកចេញពីគ្រួសារនៅសៀមរាប មកចូល Academy ភ្នំពេញក្រោនដែរ»។

បែបណាក្ដី កីឡាករវ័យ ២១ឆ្នាំខាងលើ នៅតែមានទស្សនៈវិជ្ជមានចំពោះការសម្រេចចិត្តរបស់ខ្លួន ព្រោះថានេះជាបាល់ទាត់ ហើយការផ្លាស់ប្ដូរអាចកើតមានឡើងគ្រប់ពេល។ យ៉ាងណាក៏ដោយ ខ្សែការពារកម្ពស់ ១,៦០ម៉ែត្រក៏បានបង្ហាញអារម្មណ៍រីករាយ ក្នុងការលេងឲ្យក្លិបតំណាងខេត្តកំណើត ពិសេសបាននៅជិតក្រុមគ្រួសារ ដែលបានរស់នៅឆ្ងាយគ្នាអស់ ១ទសវត្សទៅហើយ។

 

គួររំឭកថា សឿត បារាំង បានចូលរួមជាមួយថ្នាលយុវជនដំបូងគេក្នុងប្រទេសកម្ពុជា ភ្នំពេញក្រោន អំឡុងឆ្នាំ ២០១១ ហើយត្រូវបានតម្លើងទៅក្រុមធំនៅឆ្នាំ ២០១៦។ សម្រាប់ក្រុមជម្រើសជាតិវិញ បារាំង ធ្លាប់បង្ហាញខ្លួនគ្រប់ប្រភេទអាយុទាំងអស់៕

អត្ថបទ៖ CNCC

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania