លោក ខូវ ឆាយ បង្ហើបគម្រោងខ្ទង់លានដុល្លារក្នុងការកែលម្អស្តាតចាស់

06 Feb 2021 10:36

1076

Share :


ក្រោយកែលម្អស្មៅទីលានរួចរាល់នាខែមិថុនាខាងមុខ កីឡដ្ឋានកងយោធពលខេមរភូមិន្ទគ្រោងផ្លាស់ប្ដូរទីតាំងវេទិកា និងកន្លែងអង្គុយចោលទាំងស្រុងបន្ថែមទៀតនាចុងឆ្នាំ២០២១ ឬដើមឆ្នាំ២០២២ខាងមុខ។ នេះបើតាមការបង្ហើបឲ្យដឹងពីលោក ខូវ ឆាយ អគ្គលេខាធិការសមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ។

សម្រាប់ការកែលម្អស្មៅដំណើរការ២ថ្ងៃហើយគិតត្រឹមព្រហស្បតិ៍ ទី០៤ ខែកុម្ភៈនេះ និងគ្រោងបញ្ចប់នៅខែមិថុនាខាងមុខ ដោយប្រើស្មៅមានគុណភាពដូចកីឡដ្ឋាន Smart RSN និង SRU របស់សៀមរាបយូណាយធីតដែរ។

លោក ខូវ ឆាយ លម្អិតបែបនេះ “៖យើងផ្ដើមឈូសឆាយហើយ ហើយគ្រោងបញ្ចប់នៅខែមិថុនា ខាងមុខ។ ផែនការរបស់យើង គឺយើងប្រើក្រុមហ៊ុនសង់ទីលាន SRU និងចង់បានគុណភាពដូចភ្នំពេញក្រោន និង SRU ដែរ ដោយយើងកែលម្អប្រព័ន្ធបង្ហូរទឹក និងប្រព័ន្ធស្រោចទឹក ក៏ដូចជាគុណភាពស្មៅ និងរៀបចំស្មៅសិប្បនិម្មិតខាងក្រោយតារាងកន្លែងហ្វឹកហាត់ ដែលសរុបទៅអស់ខ្ទង់១៥ម៉ឺនដុល្លារអាមេរិក។ ថវិកានេះបានពីលោក ស៊ុប៉ាឆៃ វីរៈភូជុង្គ។ យើងក៏នឹងមានផែនការជួសជុលទាំងស្រុងនៅចុងឆ្នាំនេះ ឬឆ្នាំក្រោយ ដោយវាយចោលវេទិកា និងកន្លែងអង្គុយ ហើយការសាងសង់អាចចំណាយខ្ទង់១លានដុល្លារអាមេរិក។”។

ក្នុងការដំណើរការផ្លាស់ប្ដូរស្មៅថ្មីនេះ លោក ខូវ ឆាយ បញ្ជាក់ថា កីឡាករទាំងអស់ត្រូវប្ដូរទៅហ្វឹកហាត់នៅទីលានខាងក្រៅបណ្ដោះអាសន្នសិន។ ចំពោះការប្រកួតជើងទីមួយនៃក្របខណ្ឌ Metfone Cambodian League វិញ ក្លិបបានស្នើទៅកាន់គណៈកម្មការរៀបចំដើម្បីសូមការអនុញ្ញាតប្រកួតក្រៅដីជាមុនសិន មុនធ្វើជាម្ចាស់ផ្ទះទាំងអស់ជំនួសវិញក្នុងជើងទីពីរ។ 

គួរដឹងដែរថា កីឡដ្ឋានកងយោធពលខេមរភូមិន្ទ ឬគេនិយមហៅ “ស្តាតចាស់” អាចផ្ទុកទស្សនិកជនបាន ២០០០០នាក់៕ 

អត្ថបទ៖ CNCC 
ប្រភពរូប ផ្តល់អោយ 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania