មកស្គាល់ម្ចាស់ចំណាត់ថ្នាក់ទាំង៣ក្នុងកម្មវិធី CNCC Football Photos Show 2021

05 Feb 2021 16:03

963

Share :


ម្ចាស់ជយលាភីក្នុងកម្មវិធីការតាំងបង្ហាញរូបថតកីឡាបាល់ទាត់ ឬ CNCC Football Photos Show 2021ត្រូវបានប្រកាសជាផ្លូវការហើយនៅថ្ងៃសុក្រ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ នេះដែលក្នុងនោះចំណាត់ថ្នាក់លេខ១បានទៅលើលោក នី វ៉ាន់ឌី, ចំណាតថ្នាក់លេខ២បានលើលោក យូសុះ អាប់ឌុលរ៉ាស់ហ៊ីម និងលេខ៣ លោក យ៉ា ប៉ោទ្រី។ 

សម្រាប់លោក នី វ៉ាន់ឌី គឺជាអ្នកថតរូបប្រចាំក្លិបបាល់ទាត់ភ្នំពេញក្រោន ហើយនេះជាលើកដំបូងសម្រាប់លោកក្នុងការចូលរួមប្រកួតប្រជែងស្នាដៃរូបថតបាល់ទាត់ដែលរៀបចំឡើងដោយគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា CNCC។ លោកជាអតីតនិស្សិតផ្នែកព័ត៌មាន និងធ្លាប់បម្រើការនៅស្ថាប័នព័ត៌មានមួយផងដែរ។

ចំណែកម្ចាស់ចំណាត់ថ្នាក់លេខ២ លោក យូសុះ អាប់ឌុលរ៉ាស់ហ៊ីម ជាអ្នកថតរូបមកពីស្ថាប័នព័ត៌មានភ្នំពេញប៉ុស្ដិ៍។ លោកបានផ្ដើមការថតរូបកីឡា តាមរយៈការចូលចិត្តថតរូបបែបធម្មជាតិ មុនឈានជើងចូលភ្នំពេញប៉ុស្ដិ៍។ នេះជាលើកដំបូងហើយដែលលោកបានចូលរួមកម្មវិធីប្រកួតប្រជែងនានារបស់ CNCC។

ដោយឡែក លោក យ៉ា ប៉ោទ្រី ឬ យ៉ាស្រ៊ី ដែលទទួលបានចំណាត់ថ្នាក់លេខ៣ ធ្លាប់ឈ្នះពានរង្វាន់អ្នកថតរូបសារព័ត៌មានល្អជាងគេក្នុងកម្មវិធី Award Night របស់ CNCC ប្រចាំឆ្នាំ២០១៩។ បច្ចុប្បន្ន លោកជាមន្ត្រីព័ត៌មានប្រចាំក្លិបបាល់ទាត់ណាហ្គាវើលដ៍ និងជាអ្នកគាំទ្របាល់ទាត់ជាតិសកម្មមួយរូប។

គួរដឹងដែរថា រូបភាពរបស់ម្ចាស់ជយលាភីទាំង៣ត្រូវបានដាក់ក្នុងកម្មវិធីការតាំងបង្ហាញរូបថតកីឡាបាល់ទាត់ ឬ CNCC Football Photos Show 2021 ដែលត្រូវបានរៀបចំឡើងដោយគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា និងមជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុន (JFACPP) ដំណើរការពីថ្ងៃសុក្រ ទី០៥ ដល់ថ្ងៃអាទិត្យ ទី០៧ ខែកុម្ភៈ នៅផ្សារទំនើបអ៊ីអនសែនសុខ។ 

មុនសម្រិតសម្រាំងបានម្ចាស់ជយលាភីទាំង៣ CNCC បានប្រកាសទទួលពាក្យប្រកួតប្រជែងតាំងពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០។ រូបភាពទាំងនេះត្រូវបានឆ្លងកាត់ការវាយតម្លៃខ្ពស់ពីគណៈកម្មការរៀបចំ ដោយមានការចូលរួមពីលោក Ishikawa Masayori ដែលជាអ្នកថតរូបអាជីពប្រកបដោយបទពិសោធខ្ពស់មួយរូប៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania