លោក Ishi ប្រាប់កត្តាចម្បង២ក្នុងការជ្រើសរើសម្ចាស់ជយលាភីរូបថតទាំង៣នាក់

06 Feb 2021 15:56

320

Share :


អត្ថន័យ និងគោលបំណងនៃរូបភាព គឺជាកត្តាធំៗចំនួន២ដែលលោក Masayori Ishikawa សម្រេចចិត្តជ្រើសរើសម្ចាស់ជយលាភីទាំង៣រូបប្រចាំកម្មវិធី ការតាំងបង្ហាញរូបថតកីឡាបាល់ទាត់ ឬ CNCC Football Photos Show 2021។

អ្នកសម្របសម្រួលកម្មវិធីខាងលើពន្យល់លម្អិតបែបនេះ “៖យើងចាប់ផ្ដើមជ្រើសរើសទៅតាមលក្ខខណ្ឌពី CNCC។ មិនតែប៉ុណ្ណោះទេ យើងក៏គិតលើចំណុចសំខាន់ចំនួន២ ទីមួយ គឺអត្ថន័យនៃរូបថត ថាគេចង់ផ្សាយពីអ្វី។ ទីពីរ គឺថតរូបហ្នឹងថតដើម្បីអ្វី។ សម្រាប់ការជ្រើសរើសនេះគឺក្នុងន័យជាការផ្សព្វផ្សាយ (Media) ដល់សាធារណជន អ៊ីចឹងយើងមើលរូបដែលគេផ្ញើមកហ្នឹង យើងមើលលើសំណេរ (caption) ថាតើស៊ីគ្នាជាមួយរូបឬអត់។ ពីរនេះហើយគឺជាអ្វីដែលយើងផ្ដោតលើរូបថត។”

អ្នកជំនាញថតរូបមកពីប្រទេសជប៉ុនបន្ថែមថា ការចេះសម្របសម្រួលតាមបរិស្ថានជុំវិញខ្លួនក៏មានសារៈសំខាន់ផងដែរក្នុងការជ្រើសរើស។ 

លោក Masayori Ishikawa លម្អិតបន្ត “៖យើងមិនឲ្យតម្លៃតែលើតម្លៃម៉ាស៊ីនថត និងបរិស្ថានល្អស្រាប់នៅជុំវិញខ្លួនទេ តែអ្វីសំខាន់នោះ គឺយើងមើលថាតើអ្នកថតចេះកែច្នៃសម្របបរិស្ថាននៅជុំវិញខ្លួនឬអត់ ទោះមិនមានម៉ាស៊ីនល្អទំនើបខ្លាំងក៏ដោយ។ អានេះជាចំណុចដែលយើងត្រូវមើលដែរពេលពួកគេបញ្ជូនរូបថតមកយើងជ្រើសរើស។”

គួរបញ្ជាក់ថា គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា CNCC បានរៀបចំកម្មវិធីប្រកួតប្រជែងរូបថតចាប់ពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០។ 
ម្ចាស់រូបថត៣រូបត្រូវបានប្រកាសជាម្ចាស់ជយលាភីពីចំណាត់ថ្នាក់លេខ១ដល់លេខ៣ កាលថ្ងៃសុក្រ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងកម្មវិធីការតាំងបង្ហាញរូបថតកីឡាបាល់ទាត់ ឬ CNCC Football Photos Show 2021។

លទ្ធផលពីការប្រកាសជាផ្លូវការ គឺចំណាត់ថ្នាក់លេខ១បានទៅលើលោក នី វ៉ាន់ឌី, ចំណាតថ្នាក់លេខ២បានលើលោក យូសុះ អាប់ឌុលរ៉ាស់ហ៊ីម និងលេខ៣ លោក យ៉ា ប៉ោទ្រី៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania